ឯកឧត្តម មួង ប៉យ និងឯកឧត្តម ថង សាវុន ចុះរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ


ថ្ងៃព្រហស្បតិ៍​ ០៤កើត​ ខែបុស្ស ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៧​ នៅសាលាស្រុកវើនសៃ ។​ វេទិកានេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ និងមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង២០០នាក់​ ។​

វេទិកានេះបានលើកយកប្រធានបទចំនួន​ ០៧​ រួមមាន៖​ ការផ្តល់សេវាសុខាភិបាល​ ការផ្តល់សេវាវិស័យអប់រំ​ បញ្ហាស្ថានភាពយេនឌ័រ​ សមធម៌សង្គម​ និងបរិយាប័ន្ន​ បញ្ហាវិស័យកសិកម្ម​ ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ​ សង្កាត់​ ការផ្តល់សេវារបស់រដ្ឋបាលក្រុង​ ស្រុក​ និងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​មានសុវត្ថិភាព​ ។
អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុលផុស​ ដោយមានការចូលរួមលើកជាសំនួរ​ មតិយោបល់​សំណូមពរ​ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន​ ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ​ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋាន​ មន្ទីរ​ អង្គភាព​ ជំនាញ​ នានាជុំវិញខេត្ត​ ។

ឯកឧត្តម​ មួង​ ប៉យ​ និងឯកឧត្តម​ ថង​ សាវុន​ មានប្រសាសន៍ថា​ វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង០១ឆ្នាំម្តង​ សំដៅស្វែងរកដំណោះស្រាយ​បញ្ហានានាផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាលរដ្ឋ​នៅមូលដ្ឋាន ។​ វេទិកានេះពិតជាមានសារៈសំខាន់ណាស់​ សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង​ ស្វែងយល់អំពីសុខទុក្ខ​ បញ្ហានានារបស់ប្រជាពលរដ្ឋ​ ហើយបញ្ហាជាច្រើនត្រូវបានអាជ្ញាធរពាក់ព័ន្ធ​ បានដោះស្រាយ​ សម្របសម្រួលជួនប្រជាពលរដ្ឋ​ ។​ ដោយឡែកបញ្ហាសំណូមពរទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើង​ថ្មីៗនេះ​ ក្រុមប្រឹក្សាខេត្ត​ អាជ្ញាធរខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ មន្ទីរ​ អង្គភាពជុំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ​ និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ​ ។