រដ្ឋមន្ត្រីការបរទេសកម្ពុជា សន្យាជាមួយប្រមុខការទូត


Brak Sokon 06 05 16 2 copy

     រដ្ឋមន្ត្រីក្រសួងការបរទេស បានសន្យាជាមួយប្រមុខការទូតទាំងអស់ថា នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ។ ប្រសាសន៍រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងនៅក្នុងកិច្ចជំនួបជាមួយ ប្រធានបេសកកម្មការទូតប្រចាំកម្ពុជាទាំងអស់ និងតំណាងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី៥ ខែឧសភានេះ នៅទីស្តីការក្រសួងការបរទេស ។

     ក្រោយកិច្ចជំនួបអ្នកនាំពាក្យ ក្រសួងការបរទេស ឯកឧត្តម ជុំ សុន្ទរី បានប្រាក់អ្នកសារព័ត៌មានថា ក្នុងកិច្ចជំនួប ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះប្រមុខការទូតទាំងអស់ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រាល់កិច្ចសហប្រតិបត្តិការទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ និងឯកឧត្តមនឹងខិតខំបន្ត ធ្វើយ៉ាងណាឲ្យមាននិរន្តភាពការងាររបស់ក្រសួងការបរទេស ។ ឯកឧត្តមបន្តថា ក្រសួងការបរទេស នៅតែប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេស ដូចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ពិសេស គឺឯករាជ្យភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ការពង្រឹងសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ។

     ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងពីបញ្ហាប្រឈមនានា ពេលបច្ចុប្បន្ននេះ ដល់បណ្តាប្រមុខការទូតទាំងអស់ ដូចជាបញ្ហាភេវកម្ម លទ្ធិជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការប្រែប្រួលអាកាសធាតុ ដែលតម្រូវគិតគួរឲ្យបានល្អ ក្នុងការផ្លាស់ប្តូររបៀបធ្វើការងារ និងរបៀបរបបទំនាក់ទំនង ។ ឯកឧត្តមបានបញ្ជាក់ថា ជំនួបតំណាងអង្គទូត និងតំណាងអង្គការសហប្រជាជាតិ បានមានប្រសាសន៍ម្តងម្នាក់ៗ និងបានសំណូមពរដល់ឯកឧត្តម រដ្ឋមន្ត្រីក្នុងការធ្វើទំនាក់ទំនងការទូត ជាមួយគ្នាបន្ថែមទៀត រួមនឹងសកម្មភាពសង្គមផងនោះដែរ ។

     ក្នុងកិច្ចជំនួបជាមួយ ប្រធានបេសកម្មការទូតប្រចាំកម្ពុជាទាំងអស់ និងតំណាងអង្គការសហប្រជាជាតិនៅរសៀលថ្ងៃនេះ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា មិនមានការលើកឡើងអំពីសភាការនយោបាយនៅកម្ពុជា និងការឃាត់ខ្លួននោះឡើយ ។

Brak Sokon 06 05 16 3 copy  Brak Sokon 06 05 16 4 copy