ឯកឧត្តម ទ្រី មេង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខា សាលាស្តីពី សារះសំខាន់ នៃការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ


មណ្ឌលគីរី៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី មេង បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខា សាលាស្តីពី សារះសំខាន់ នៃការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ដោយមាន ការចូលរួម ពីអាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ ប្រមាណជា៧០នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី មេង បានលើកឡើងក្នុងសិក្ខាសាលាស្តីពីសារៈ សំខាន់ការងារផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងទស្សនៈវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ ២០២៥ ប្រជាជនទទួលបានទឹកស្អាត និងអនាម័យ១០០% ដោយឡែកនៅកម្ពុជា ក្នុងឆ្នាំ២០១៥ បានអនុវត្ត ការងារទឹកស្អាត និងអនាម័យជនបទទទួលបាន៥៣,៧% ដូច្នេះនៅសល់៤៦,៣%ទៀត ដែលត្រូវទាមទារឲ្យ អាជ្ញាធរមូលដ្ឋានត្រូវជួយសហការគ្នា ក្នុងការពន្យល់ណែនាំដល់ប្រជាជន ឲ្យយល់កាន់តែច្បាស់អំពីបញ្ហា ទឹកស្អាត និងអនាម័យ។

ឯកឧត្តម បន្ថែមទៀតថា បើកាលណាគ្មានអនាម័យល្អនោះទេ ប្រជាជននៅទូទាំង ប្រទេសខ្វះនូវអាហាររូបត្ថម្ភ ខ្វះការលូតលាស់ និងខ្វះបញ្ញាស្មារតីផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការកែលម្អស្ថាន ភាពអនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឡើង និងក្លាចទៅជាខេត្តដែលមាន សេវាទឹកស្អាតគ្រប់គ្រាន់ និងប្រជាជនបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង។

តាមការលើកឡើរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារ៉ោម បានបញ្ជាក់ ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅខេត្តមណ្ឌលគិរី មានបណ្តាញផ្គត់ផ្គត់ទឹកស្អាតស្វយ័តមានប្រវែង ទុយោ២០គីឡូម៉ែត្រ ផ្គត់ផ្គង់បាន៣សង្កាត់ ក្នុងចំណោម៤សង្កាត់ក្នុងក្រុងសែនមនោរម្យ បណ្តាញទឹកស្អាត ឯកជនមានពីរកន្លែង ១នៅស្រុកកោះញែក ទី២នៅស្រុកកែវសីមា – មានអណ្តូងស្នប់ចំនួន៤៩២អណ្តូង

– អណ្តូងចម្រុះចំនួន១៥៣៩អណ្តូង។
– អាងត្រងទឹកភ្លៀងចំនួន១៤អាង។
– ស្រះសហគមន៍ចំនួន៤ស្រះ
-ស្ថានីយ៍ផលិតទឹកស្អាតសម្រាប់ផឹកមានចំនួន២កន្លែងក្នុងឃុំដាក់ដាំ និងឃុំអរបួនលើ ។
– បណ្តាញទឹកប្រើប្រាស់របស់ សហគមន៍ចំនួន០៣កន្លែង នៅឃុំដាក់ដាំ នៅភូមិពូចារ និងភូមិពូច្រា ឃុំស្រែព្រះ ស្រុកកែវសីមា
– បណ្តាញ ទឹកប្រើប្រាស់របស់សហគមន៍ចំនួន០៥កន្លែង ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កំពុងសាង់សង់ និងបានផ្តល់សម្ភារៈបង្គន់អនាម័យចំនួន២៥០បង្គន់ ចំនួន២ឃុំ ក្នុងឃុំអរបួរលើ និងឃុំស្រែសង្គម នៅស្រុកកោះញែក ក្នុងឆ្នាំ២០១៦៕