កិច្ចប្រជុំពិភាក្សាលើគម្រោមកែលម្អប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប


នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានជួបប្រជុំជាមួយក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION ពិភាក្សាលើគម្រោងកែលម្អ ប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្ត ដែល ពឹងផ្អែកទៅលើវិស័យកសិកម្ម និង ទេសចរណ៍ ព្រមទាំងបានធ្វើការបញ្ជាក់អំពី តម្រូវការរបស់ខេត្តលើវិស័យ ទេសចរណ៍ និង ការកែលម្អសោភណ្ឌភាពក្រុង ។

កត្តាសំខាន់ផ្តោតទៅលើក ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកង្វក់ ក្នុង ក្រុង ដើមី្បធ្វើការបញ្ជៀសនូវការលិចលុងក្នុងក្រុងទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកឡើងផង ដែរ អំពីការកែលម្អស្ទឹងសៀមរាប និង ការធ្វើប្រព័ន្ធប្រឡាយបង្ហូរទឹកកង្វក់ក្នុងក្រុង និង ខាងកើតក្រុងផងដែរ ។
តាមបញ្ជាក់របស់លោកប្រធានក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION បានឲ្យដឹងថា ក្រុមហ៊ុន របស់លោក បានចូលមកធ្វើអាជីវកម្មនៅកម្ពុជា មានរយៈពេល១០ឆ្នាំហើយ លើការងារសំណង់ ។ លោកក៏បាន លើកផងដែរ ពីសក្តានុពលរបស់ក្រុងហានចូវ ដែលជាតំបន់ទេសចរណ៍ដ៏សម្បូរបែប​នៅប្រទេសចិន ។ ម៉្យាងទៀត ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមការងាររបស់ក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION បានចុះមកធ្វើការ សិក្សាស្រាវជ្រាវ ក្នុងការរៀបចំគម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប ។

ក្នុងការបង្ហាញរបស់ក្រុមការ ងារ ក៏បានគូសបញ្ជាក់ ដោយផ្តោតលើបញ្ហាកង្វះការថែទាំប្រព័ន្ធលូ និង គ្មានស្មារតីចូលរួមពីប្រជាពលរដ្ឋ ដែល ធ្វើឲ្យមានការកកស្ទះចរន្តទឹកហូរនៅតាមប្រឡាយ នៅរដូវវស្សា ។ គម្រោងនេះក្នុងការកែលម្អ ប្រព័ន្ធលូទឹក ក្នុង ក្រុង ឲ្យស័ក្តសមជាក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ក្នុងការធានាកាត់បន្ថយជាអតិបរិមានូវគ្រោះមហន្តរាយទឹកជំនន់
ក្នុងនោះក្រុមការងារសម្រេចបង្កើតការងារគម្រោង រយៈពេលខ្លីដល់ឆ្នាំ២០២០ និង រយៈពេលវែង២០៣០ ដោយ រយៈពេលខ្លីប្រើប្រាស់ថវិកា១៧៥លាន៣៧៦ពាន់៧០២ដុល្លា និង រយៈពេលវែងប្រើប្រាស់ថវិកា ២៣១លាន ៧៣១ពាន់៧១៦ដុល្លា ។ ក្នុងគម្រោងសាងសង់ប្រឡាយមេ ៧ខ្សែ ប្រវែង២៩គីឡូម៉ែត្រ និង ប្រព័ន្ធលូ ប្រឡាយ ក្នុងក្រុងប្រវែង ៩៣គីឡូម៉ែត្រ ។ ក្នុងន៉ដែរក៏មានការសាងសង់ស្ថានីយ៍ចម្រោះនៅផ្នែកខាងកើតក្រុង ដែលមាន សមត្ថភាព១០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និង បណ្តាញលូមេប្រវែង ៥ពាន់៨០០ម៉ែត្រ ។ ក្នុងគម្រោងនេះ នឹងធ្វើ ឲ្យបរិស្ថាននៅអមប្រឡាយ ត្រូវបានធ្វើការកែលម្អ ព្រមទាំងលើកកម្ពស់ជីវភាព និង សុខមាភាព ប្រជាពលរដ្ឋ ទៀតផង ។

ក្នុងកិច្ចពិភាក្សានោះភាគីទាំងពីរក៏បានផ្តោតសំខាន់ ក្នុងការរៀបចំបណ្តាញប្រព័ន្ធលូ​ និង ប្រឡាយ ដោយ សុំឲ្យធ្វើការដាក់លូជ្រុងនូវកណ្តាលទ្រូងផ្លូវ ក្នុងការបញ្ជៀសនូវផលប៉ះពាល់ប្រជាពលរដ្ឋ រួមទាំងធ្វើការស្តារឡើង វិញ នូវប្រព័ន្ធលូដែលមានស្រាប់ ព្រមទាំងពីបញ្ហាការប៉ះពាល់គម្រោងទឹកស្អាតដែលយកប្រភពទឹកពីបឹងទន្លេសាប ទៀតផង ។

មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវគំនិតល្អៗមួយចំនួន ក្នុងការបម្រើ ផលប្រយោជន៍សាធារណៈ សំខាន់ការកំណត់ទីតាំងឲ្យបានច្បាស់លាស់កន្លែងសាងសង់ស្ថានីយ៍ចម្រោះ កុំឲ្យ មានការប៉ះពាល់គម្រោងសាងសង់ស្ថានីយ៍ផលិតទឹកស្អាត ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ដើមី្បបញ្ជៀស ការលិចលុងទឹកក្នុងក្រុង គឺត្រូវធ្វើការបើកប្រព័ន្ធលូថ្មី និង ស្តារឡើងវិញនូវប្រព័ន្ធលូចាស់ ដើមី្បក្នុងការរំដោះនូវ ទឹកភ្លៀងពីការលិចលុងតាមដងផ្លូវ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព មានការ ពាក់ព័ន្ធ ត្រូវធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ក្នុងការធ្វើការសិក្សាអំពីបញ្ហាទាំងនេះ ។ ម៉្យាងទៀតគម្រោងដែល ធ្វើទៅមានការប៉ះពាល់ដល់ប្រព័ន្ធទឹកស្អាត គួត្រូវធ្វើការបញ្ជៀសកុំឲ្យមានបញ្ហាដល់សុខមាលភាព របស់ប្រជា ពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាពទាំងស្រុងទៅលើគម្រោង របស់ក្រុមហ៊ុនចិន ក្នុងកិច្ចអភិវឌ្ឍន៍ក្រុង ប្រវត្តិសាស្ត្រសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ ​ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជួសជុលប្រាង្គប្រាសាទ និង សាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាប ៕