លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ឯកឧត្តម អ៉ឹម ឈុនលឹម ដើម្បីផ្សព្វផ្សាយអំពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត


ខេត្តកោះកុង : ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម អ៉ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងប្រតិភូអមដំណើរ ដែលអញ្ជើញ មកដើម្បីផ្សព្វផ្សាយអំពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត។ លោកជំទាវ បានមានប្រសាសន៍ ថា ថ្ងៃនេះ ពិតជាមានមោទនភាពក្រៃលែង សម្រាប់រដ្ឋបាលខេត្តកោះកុង ក៏ដូចជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ក្នុងទូទាំងខេត្ត ដែល ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្តល់ កិត្តិយស អញ្ជើញធ្វើការផ្សព្វផ្សាយអំពី សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្ន ភាពនៃបញ្ហាគតិយុត្ត ដោយផ្ទាល់នាឱកាសនេះ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ទាំងអស់ ពិតជាយកចិត្តទុកដាក់ខ្ពស់ស្តាប់ នូវការផ្សព្វផ្សាយ នាពេលនេះ សម្រាប់ ជាមូលដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ច ក្នុងអង្គភាព និងបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ថែម ទៀត ដល់មន្រ្តីរាជការក្រោមឱវាទ និងអ្នកពាក់ព័ន្ឋនានា ដើម្បីអោយយល់កាន់ តែច្បាស់អំពី សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាព នៃបញ្ហាគតិយុត្ត។