ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ លើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងឡាយ អនុវត្តវិធីសាស្រ្ត “ស៥” និងឧបករណ៍ផលិតភាពផ្សេងៗទៀត ដើម្បីឧត្តមភាពធុរកិច្ច


(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីប្រកាសជ័យលាភី ចែកវិញ្ញាបនបត្រ«ស៥» និងប្រគល់ពានរង្វាន់ ផលិតភាព«ស៥» ប្រចាំឆ្នាំ២០១៧ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រារព្ធកម្មវិធីនាថ្ងៃនេះ មិនមែនធ្វើឡើងត្រឹមតែជាការស្ញប់ស្ញែងដល់អ្នកទទួលបានពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកោតសរសើរដល់ការចូលរួមចំណែករបស់អ្នកទាំងឡាយដ៏ច្រើន ដែលបានបង្កលក្ខណៈឲ្យបានជោគជ័យនាថ្ងៃនេះ ហើយដែលបានចូលរួមលើកកម្ពស់វប្បធម៌នៃភាពស្អាត មានសណ្តាប់ធ្នាប់ ដែលពួកគេបានជំរុញនៅក្នុងក្រុមហ៊ុន។ ការទទួលបានពានរង្វាន់នេះ មិនមែនជាការទទួលខុសត្រូវរបស់មនុស្សតែម្នាក់ ឬផ្នែកតែមួយនោះទេ តែវាតម្រូវឲ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់ ក្នុងក្រុមហ៊ុនមួយ ធ្វើការរួមគ្នាយ៉ាងស្អិតល្មួត ជាក្រុមមួយយ៉ាងអស់ពីសមត្ថភាព និងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ និងលះបង់យ៉ាងខ្លាំងក្នុងរយៈពេលសមស្របមួយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា «ស៥» គឺជាមូលដ្ឋានគ្រឹះ ឬ ដូចជាគ្រឹះនៃផ្ទះមួយ ដែលអាចជួយសហគ្រាសឱ្យឈាន ទៅរកឧត្តមភាពធុរកិច្ច (Business Excellence) ហើយវាគាំទ្រដល់ថ្នាក់ដឹកនាំកំពូលក្នុងការសម្រេចបានភាពល្អជាងមុនជានិច្ច ជាមួយផ្នត់គំនិតថាធ្វើយ៉ាងណាឲ្យថ្ងៃនេះ ប្រសើរជាងម្សិលមិញ ហើយខំធ្វើយ៉ាងណា ឲ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះទៅទៀត។ សំខាន់បំផុតគឺប្រែក្លាយវាឲ្យទៅជាទម្លាប់ និងវិន័យក្នុងក្រុមហ៊ុន ដែលចុងក្រោយក្លាយជាវប្បធម៌នៃភាពស្អាត និងមានវិន័យផ្ទាល់ខ្លួន។ ក្រៅពីវិធីសាស្រ្ត «ស៥» នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តផងដែរឲ្យក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងឡាយ អនុវត្តនូវ ឧបករណ៍ផលិតភាពផ្សេងៗទៀតដូចជា៖ KAIZEN (វិធីកែលម្អជាបន្តបន្ទាប់), GMP (ការអនុវត្តកម្មន្តសាលល្អ), HACCP (ការវិភាគមុខសញ្ញា គ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យសំខាន់), និងវិធីសាស្ត្រដទៃជាច្រើនទៀតដូចជា៖ ISO9001:2015 (ប្រព័ន្ធគ្រប់គ្រងគុណភាព), ISO22000:2005 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ), Total Quality Management (ការគ្រប់គ្រងគុណភាពសរុប) ។ល។ ព្រោះថា និន្នាការបច្ចុប្បន្ន តម្រូវឲ្យគិតដល់ទីផ្សារអន្តរជាតិ និងអាស៊ាន ដែលមានន័យថា យើងត្រូវអនុវត្តស្តង់ដារអន្តរជាតិ/អាស៊ាន ដើម្បីអាចក្តោបយកទីផ្សារបានទូលាយជាងមុន។ បើយើងមិនចាប់ផ្តើមទេ គូប្រកួតប្រជែងរបស់យើង នឹងដណ្តើមយកប្រៀបលើយើងនៅថ្ងៃណាមួយពុំខាន ហើយចូរចាំពាក្យថា «ផ្លូវដំណើររាប់ពាន់គីឡូម៉ែត្រ គឺចាប់ផ្តើមចេញពីការបោះជើង១ជំហាន»។

គួរបញ្ជាក់ផងដែរថា «ស៥» ជាវិធីសាស្រ្តសាមញ្ញបំផុត ហើយអាចអនុវត្តនៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំ មិនថាឧស្សាហកម្មស្រាល ឬធ្ងន់ ផលិតម្ហូបអាហារ ឬមិនមែនអាហារទេ ព្រោះវាមានចំណុចពិសេសមួយត្រង់ថា «ស៥» ជួយឲ្យយើងរកវត្ថុអ្វីមួយឃើញ យ៉ាងយូរបំផុតត្រឹម ៣០ វិនាទី។ វាមានគុណសម្បតិ្ត មិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងស្អាតជានិច្ចប៉ុណ្ណោះទេ ហើយថែមទាំងជួយបំបាត់ប្រភពនាំឲ្យ គ្រោះថ្នាក់ការងារទៀតផង។ កត្តាទាំងនេះនឹងជួយសន្សំប្រាក់ កាត់បន្ថយថ្លៃដើម បំពេញចិត្តអតិថិជន តាមរយៈការបញ្ជូនទំនិញទាន់ពេល បង្កើនគុណភាពផលិតផល បង្កើនផលិតភាព និងបង្កើនប្រាក់ចំណេញ ផងដែរ។

សម្រាប់ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤នៃការផ្តល់ពានរង្វាន់ផលិតភាព«ស៥» ដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលមានក្រុមហ៊ុនចំនួនបួនត្រូវទទួលជ័យលាភីពានរង្វាន់ផលិតភាព«ស៥» រួមមាន៖
១. SentoSaSilk
២. សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ
៣. សិប្បកម្ម អ៊ីឆេ ង៉ូវ ហេង ហ្វូដ ប្រូដាកសិន អូហ្វ កំពត
៤. ក្រុមហ៊ុន LSV Industry Co., Ltd.