ឯកឧត្តម វេង សាខុន ដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខ និងពិនិត្យ ស្ថានភាពផលនេសាទរបស់ប្រជានេសាទតាមដងទន្លេសាប ខេត្តកណ្តាល រាជធានីភ្នំពេញ


នៅវេលាម៉ោង៣:០០ រសៀល ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខ និងពិនិត្យ ស្ថានភាពផលនេសាទរបស់ប្រជានេសាទតាមដងទន្លេសាប ខេត្តកណ្តាល រាជធានីភ្នំពេញ។

តាមការរាយការណ៍របស់ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់រដូវត្រីចុះនេះទិន្នផលនេសាទជារួមគឺបានកើនឡើងយ៉ាងល្អប្រសើរធៀបទៅនឹងឆ្នាំ ២០១៦ ពោលគឺកើនឡើងប្រមាណជា ៦,៧% ពី ៨០២,៥០០ តោនមករហូតដល់ ៨៥៦, ២៦៣ តោនក្នុឆ្នាំ២០១៧នេះ។ ក្នុងរយះពេលកន្លះម៉ោង ប្រជានេសាទអាចមាន លទ្ធភាពប្រមូលត្រីជម្រុះ ក្នុង១ដង ឫ១ឌុកសំណាញ់ជាមធ្យមប្រមាណជាង ១តោន ទៅ ២តោន។ ជាគួរឲ្យកត់សម្គាល់ ទំហំត្រីក៏សនិដ្ឋានបានថាធំជាងមុនផងដែរ យោងតាមការពិនិត្យអំពីរបបលំហូរទឹក និងបរិមាណទឹកទន្លេ មេគង្គគឺប្រសើរជាងមុន។

នាក្នុងឱកាសដ៏អំណោយផលនេះ ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាកសិករដែលមានបំណងធ្វើប្រហុកសូមមេត្តាអញ្ជើញមកឲ្យបានរួសរាន់ ព្រោះត្រីអាចបន្តត្រូវក្នុងរយៈពេលប៉ន្មានថ្ងៃខាងមុខនេះទៀត ហើយទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងកើតសរសបំផុត ចំពោះវឌ្ឍនភាពដ៏បវរនេះ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញទាំងអស់បន្តយោកចិត្តទុកដាក់បន្ថែមទៀតដល់គ្រប់គ្រង និងការពារធនធានមឆ្ឆាជាតិឲ្យកាន់តែបានល្អប្រសើរថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលផលនេសាទ ព្រមទាំងរក្សាឲ្យបាន នូវនិរន្តរភាពនៃធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។