ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះនិងចែកអំណោយជូនចាស់ជរា និងជនក្រីក្រ៣០០គ្រួសារនៅស្រុកមុខកំពូលខេត្តកណ្តាល


កណ្តាល៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីចែកអំណោយជូន ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ៣០០គ្រួសារ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ អំណោយដែលចែកជូននាពេលនេះ រួមមានក្នុង១គ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀល ដែលជាជំនួយរបស់អង្គការ Muslim Aid។

លោក Khairul Hafiz នាយកអង្គការ Muslim Aid បានលើកឡើង នូវការថ្លែងអំណរគុណដល់ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមាន ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជាប្រធាន គឺជាភាគីដៃគូក្នុងស្រុក ដែលតាំងពីដើមមក បានគាំទ្រក្នុងនាមជាអង្គការដូចគ្នាផង និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលផង ដែលបានធ្វើអោយអង្គការរបស់លោក បានដំណើរការយ៉ាងរលូន ហើយបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានាតាំងពីឆ្នាំ២០០៧មកម្លេះ។ លោកបន្តថា គម្រោងកញ្ចប់អំណោយលើកនេះមានសរុប ១២៨០កញ្ចប់ បានធ្វើការចែកចាយដល់ជនក្រីក្រក្នុងខេត្តក្រុងចំនួន៧ ហើយខេត្តកណ្តាលគឺជាគម្រោងចុងក្រោយក្នុងចំណោមកញ្ចប់អំណោយទាំង ១២៨០។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរពីសកម្មភាពមនុស្សធម៌ដែលភាគីអង្គការ Muslim Aid បានធ្វើឡើងក្នុងកំឡុងពេល១០ឆ្នាំនេះ គឺពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានរំលឹកពីភាពជឿនលឿន និង ការរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ សន្តិភាព សេរីភាព និង គ្មានការរើសអើង។ លោកបានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខំប្រឹងកាសងប្រទេសជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សាមិទ្ឋផលនានាមិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគម្រូសម្រាប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកតម្រាប់តាម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត អោយបានគ្រប់គ្នា ហើយលោកក៏រំលឹកដល់អ្នកទាំងអស់គ្នាថា ពលេវេលនៃការបោះឆ្នោតតំណាងរាស្រ្តគឺនៅមិនមិនដល់១ឆ្នាំទៀតទេ និយាយរួមគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះហើយ អាស្រ័យហេតុនេះគ្រប់គ្នាសូមត្រៀមខ្លួនធ្វើយ៉ាងណាត្រូវតែទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។