គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូនិងលើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពបានជំរុញដល់អាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចត្រូវថែរក្សាសុខសន្តិភាព ស្ថេរភាពអោយបានល្អជូនប្រជាពករដ្ឋក្នុង មូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។
ឯកឧត្តម បានជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគណៈបញ្ជាការឯកភាពធ្នូឆ្នាំ២០១៧និងលើកទិសដៅអនុវត្តបន្តនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកនិងមេបញ្ជាការកំលាំងប្រដាប់អាវុធទាំងបីប្រភេទក្រុងស្រុកចូលរួមផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានជំរុញបន្តទៀតថាៈ គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយសមត្ថកិច្ចផ្សព្វផ្សាយតាមគ្រប់ រូបភាពអោយប្រជាពលរដ្ឋយល់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់។ បន្តអនុវត្តយុទ្ធាការប្រយុទ្ឋប្រឆាំងការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
រៀបចំសណ្តាប់អនាម័យនៅគ្រប់ទីកន្លែងជាពិសេសមិនត្រូវអោយមានការកកស្ទះសំរាមនៅតាមដងផ្លូវ ទីប្រជុំជន ទីផ្សារ និង ចំណតរថយន្តតាមដងផ្លូវជាតិលេខ៥ឡើយ ។ បន្តបង្រ្កាបបទល្មើសផ្សេងៗដែលខុសច្បាប់សំខាន់បទល្មើសនេសាទនិងបទល្មើសព្រៃឈើ។ ត្រូវត្រៀមលក្ចណៈអោយបានជាប់ជាប្រចាំដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដាច់ខាតត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងប្រឆាំងចំពោះរាល់ការប៉ុនប៉ងទាំងឡាយណាដែលមានបំណងធ្វើបដិវត្តពណ៌ ឬផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំទៅដល់ការបំផ្លាញនូវសុខសន្តិភាពរបស់ប្រជាពលរដ្ឋ៕