លោកតាលោកយាយចាស់ជរា១០៨នាក់ ដែលអាយុ៧៥ឡើងនៅឃុំបឹង ចាប់ផ្តើមទទួលប្រាក់ក្នុងគម្រោងឧបត្ថម្ភប្រចាំខែពីឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់


កំពង់ធំ៖​ គម្រោងផ្តល់ថវិកាប្រចាំខែដល់ជនចាស់ជរា មានអាយុចាប់ពី​ ៧៥ឆ្នាំឡើងទៅ គឺជាគម្រោងថ្មីមួយ ក្រោមការផ្តួចផ្តើមគំនិតរបស់​ ឯកឧត្តម​ ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកជំទាវ ដែលក្នុងយុទ្ធនាការដំបូង គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើឡើងពីឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគម្រោងខាងលើ ត្រូវបានជ្រើសរើស ចាស់ជរាជាក់ស្តែង សរុប ១០៨នាក់ មកពីភូមិត្រពាំងឈូក និង ភូមិដូនប៉ែន ក្នុងឃុំ ស្រុក ខេត្តខាងលើ ជាស្ថិតិដែលនឹងត្រូវទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ ខណៈអ្នកដែលបានទទួលអំណោយសរុបថ្ងៃនេះមានដល់​ ១៥៦នាក់លើសពីស្ថិតិជាក់ស្តែង ព្រោះមានការរាប់បញ្ចូលទាំងជនក្រីក្រ និងជនពិការផងដែរ ក្នុងម្នាក់ៗបានទទួលថវិការ​ ៥ម៉ឺនរៀល និងកញ្ចប់គ្រឿងឧបភោគបរិភោគរួមមាន ម្នាក់ៗទទួលបានអង្ករ​ ២០គីឡូក្រាម ត្រីខ ៦កំប៉ុង ស្ករសរ​ ១គីឡូ មី​ ១០កញ្ចប់ ទឹកត្រី​ ២ដប ទឹកស៊ីអ៊ីវ​ ២ដប។

ពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបាន​ ឯកឧត្តម​ ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ ក្នុងនាមជាម្ចាស់គម្រោងបានអញ្ជើញសំណេះសំណាលនិងធ្វើការប្រគល់ដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណព្រះវិហារឥស្លាមភូមិត្រពាំងឈូក ដែលអមដំណើរដោយឯកឧត្តមលោកជំទាវពីក្រសួងស្ថាប័ននានា និងប្អូនៗសម្ព័ន្ធយុវជនមុស្លិមកម្ពុជាពីថ្នាក់កណ្តាលនិងសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ធំផងដែរ។ សម្រាប់គម្រោងឧបត្ថម្ភចាស់ជរា គឺត្រូវបានកំណត់ជ្រើសរើស ចាប់ពីអាយុ ៧៥ឆ្នាំឡើងទៅ ខណៈដែលចាស់ជរានៅក្នុងភូមិទាំងពីរខាងលើ គឺមានអាយុចន្លោះពី ៧៥ឆ្នាំ ដល់ ១១២ឆ្នាំ។

ឯកឧត្តម​ ឧកញ៉ារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកឡើងថា ទោះបីជាការឧបត្ថម្ភនេះមិនច្រើននោះឡើយ ប៉ុន្តែនេះជាទង្វើរមនុស្សធម៌ដែលរូបលោកនិងសហការីនឹងអនុវត្តជាបន្តបន្ទាប់ជាប្រចាំខែតែម្តង ដើម្បីដោះស្រាយទុក្ខលំបាកខ្លះរបស់លោកតាលោកយាយចាស់ជរា ត្បិតវាក៏អាចថា យ៉ាងហោចណាស់ក៏ជាការប៉ាវដល់លោកតាលោកយាយ សម្រាប់អាហារមួយពេលអោយឆ្ងាញ់ផងដែរ។

ឯកឧត្តម​ ឧកញ៉ាបន្តថា ក្នុងយុទ្ធនាការដំបូងនេះ លោកចាប់យកយកឃុំបឹងជាគម្រោងដំបូង ហើយនឹងមានបន្តសម្រាប់ខេត្តកំពង់ធំទាំងមូល ក៏ដូចជាខេត្តនានាជាច្រើនទៀត។ លោកបញ្ជាក់ថា នេះជាគម្រោងមនុស្សធម៌ដែលមានភាពងាយស្រួល និងបើកចំហដល់សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ចាប់ផ្តើមងាកមកយកចិត្តទុកដាក់ពីសុខទុក្ខរបស់ចាស់ជរា ហើយគម្រោងមួយនេះ គឺជាទង្វើមនុស្សធម៌ដែលសាមញ្ញ មិនតម្រូវសម្រាប់តែអ្នកមានលទ្ឋភាពនិងជីវភាពខ្ពង់ខ្ពស់នោះទេ ព្រោះយើងទទួលអ្នកចូលរួមបដិភាគចាប់ពីម្នាក់ឡើងទៅតាមលទ្ធភាពសប្បុរសជន ដែលក្នុងម្នាក់នៃជនចាស់ជរា សប្បុរសជនអាចបង់ប្រាក់ត្រឹមតែ​ ៣ម៉ឺនរៀលឡើងក្នុង​ ១ខែ។

ក្នុងនាមអ្នកផ្តួចផ្តើមគម្រោងនេះឡើង ឯកឧត្តម​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាប់ដល់សាធារណៈជន អោយងាកមកចូលរួមក្នុងវប្បធម៌ចែករម្លែក ទោះតិចរឺច្រើនក្តី ព្រោះការបរិច្ចាគការចែករម្លែកនេះ គឺជាវប្បធម៌ល្អមួយ ដែលញ៉ាំងអោយបុគ្គលមួយមានសេចក្តីសុខទាំងកាយ​ និងផ្លូវចិត្ត​ និងដឹកនាំសង្គមមួយអោយកាន់តែមានសន្តិភាព សុខដមរមនា។