ឯកឧត្តម គួច ចំរើន ដឹកនាំមន្រ្តីក្រោមឱវាទ បើកយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ចាម


ខេត្តកំពង់ចាម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨អាជ្ញាធរខេត្ដកំពង់ចាមបានចែកមួកសុវត្ថិភាព ចំនួន២៥០ ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃយុទ្ធនាការពាក់មួកសុវត្ថិភាព និងដើម្បីរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកនៅមុខសាលាស្រុកកំពង់សៀម ខេត្ដកំពង់ចាម នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្ដកំពង់ចាម និងលោក លោកស្រីជាថ្នាក់ដឹកនាំជុំវិញខេត្ត ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ ទាំងបីរបស់ខេត្តផងដែរ។

លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានលើកឡើងថា យុទ្ធនាការពាក់មួកសុវត្ថិភាព និងដើម្បីរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកបាននិងកំពុងប្រព្រឹត្ត ទៅនៅទូទាំង២៥រាជធានី ខេត្ត ដោយនគរបាលចរាចរជាអ្នកអនុវត្តន៍ ដោយបានឃាត់អ្នកជិះម៉ូតូ ទាំងឡាយណា ដែល មិនបានពាក់មួកសុវត្ថិភាព ហើយធ្វើការអប់រំណែនាំ បង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុវត្ថិភាពនិងមានការចែកមួកសុវត្ថិភាពជូនដល់ពួកគាត់ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងពាក់មួក សុវត្ថិភាពថ្ងៃនេះគឺ ដើម្បីបញ្ជាក់ជូនដល់អ្នកធ្វើដំណើរទាំងអស់ដែលប្រើប្រាស់នូវមធ្យោបាយទោចក្រយានយន្តទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺរាល់ការធ្វើ ដំណើរត្រូវតែពាក់មួកសុវត្ថិភាពជានិច្ច ដើម្បីជីវិតអ្នកនិងក្រុមគ្រួសារសំដៅការកាត់បន្ថយ ដល់ការគ្រោះថ្នាក់ផ្សេងៗ ដោយការធ្វើដំណើរលើ មធ្យោបាយទោចក្រយានយន្ដ។

យុទ្ធនា ការនេះមានគោលបំណងតែមួយគត់គឺជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពច្បាប់ ចរាចរណ៍ដែលនៅពេលប្រើប្រាស់មធ្យោបាយ ប្រើប្រាស់ទោចក្រយានយន្ដទាំងអស់ត្រូវតែពាក់មួក សុវត្ថិភាព ដើម្បីការពារអាយុជីវិតនិងគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា តាមរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរ ការគ្រោះថ្នាក់ចរាចរ នៅតែមានអត្រាខ្ពស់។

ជាក់ស្តែងរយៈពេលមួយឆ្នាំ២០១៧នេះក្នុង ខេត្តកំពង់ចាមគ្រោះថ្នាកចរាចរបានកើតឡើងប្រមាណ ១៨៧ករណីបានសម្លាប់មនុស្សអស់៩៦នាក់ និងមានអ្នករងរបួស ប្រមាណជិត៣០០នាក់។

ឯកឧត្តមអភិបាលខេត្ដ បានមានប្រសាសន៍ថា វិធានការដ៏មានប្រសិទ្ធភាពដើម្បីរួម ចំណែកក្នុងការ កាត់បន្ថយការគ្រោះថ្នាក់ចរាចរនោះ គឺយើងត្រូវតែបង្កើនការអប់រំផ្សព្វផ្សាយនិងចាត់វិធានការ រឹតបន្តឹងអនុវត្តន៍ច្បាប់។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវ ដល់អ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាជាពិសេស មន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេក្នុង ការគោរពច្បាប់ចរាចរណ៍នេះ។

សូមបញ្ជាក់ថា នេះជាយុទ្ធនាការលើកទី២ អាជ្ញាធរខេត្ដបានចែកមួកសុវត្ថិភាព ចំនួន២៥០មួក ដល់ប្រជាពលរដ្ឋយើង។ ក្នុងយុទ្ធនាការរឹតបន្តឹងពាក់មួកសុវត្ថិ ភាពលើកទី១មាន មួកសុវត្ថិភាពចំនួន ៥០០មួក ផ្ទាំងស្លាកសញ្ញាចរាចរចំនួន៣០០ផ្ទាំង សៀវភៅច្បាប់ចរាចរណ៍ចំនួន៥០០ច្បាប់ បដា៤ ស្ទីគឃ័រការពារមួក ៣០០០ ការពារខ្សែក្រវាត់៣០០០ កាតសីលធម៌១០ចំនួន១៥០០០៕