សិស្សនៅកោះធំអាចសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ


នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅសាលាស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញ ជាអធិបតីនៅក្នុងកម្មវិធីបើកសិក្ខាសាលាស្តីអំពីវិធីសាស្ត្រក្នុងការបង្រៀនភាសាអង់គ្លេសនិងបើកវគ្គបង្រៀនភាសាអង់គ្លេសដោយមិនគិតថ្លៃ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តប្រមាណ៦៩នាក់។

វគ្គភាសាអង់គ្លេសនេះផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្រៀនដោយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តចំនួន៦៩នាក់ និងត្រូវបានរំពឹងថា នឹងមានសិស្សានុសិស្សចូលរៀនក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះចំនួន៣៥១៨នាក់ នៅតាមសាលារៀនចំនួន១១កន្លែង ឋិតនៅក្នុង ស្រុកកោះធំ ខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដោយឥតគិតថ្លៃនេះផ្តួចផ្តើមឡើង និងឧបត្ថម្ភដោយឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ក្នុងគោលបំណងបណ្តុះបណ្តាលសិស្សានុសិស្សដែលគ្មានលទ្ធភាពក្នុងការ សិក្សាភាសាអង់គ្លេស ដែលជាភាសាកំពុងពេញនិយមនៅក្នុងទីផ្សារការងារទាំងនៅក្នុងស្រុកនិង ក្រៅ ប្រទេស។ សិស្សានុសិស្សនៅក្នុងស្រុកកោះធំអាចសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃចំនួនពីរវេន គឺវេនថ្ងៃសៅរ៍ និងវេនថ្ងៃអាទិត្យ។

ថ្លែងក្នុងកម្មវិធីសិក្ខាសិលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់លោក គ្រូអ្នកគ្រូ សមាគមយុវជន និងចលនាមហាជន ដែលបានស្ម័គ្រចិត្តក្នុងការជួយជ្រោម ជ្រែងការងាររៀបចំវគ្គបណ្តុះបណ្តាលវគ្គភាសាអង់គ្លេសនេះឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការគិតគូរបស់រាជរដ្ឋាភិបាល បានកំពុងបន្តខិតខំប្រឹងប្រែងជួយអភិវឌ្ឍស្រុកកោះធំ លើគ្រប់វិស័យរួមទាំង ការស្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននានានៅក្នុងស្រុកផងដែរ។