ស្មារតីជ័យជម្នះ៧មករា ត្រូវបាកចារទុកនៅក្នុងក្រអៅបេះដូងយើងគ្រប់រូប


កាលពីរសៀលថ្ងៃអង្គារ ០៨រោច ខែបុស្ស ឆ្នារកា នព្វស័ក ពស២៥៦១ ត្រូវថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារចុះជួយសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប បានធ្វើការជួបជុំគ្នា ធ្វើការសំណេះសំណាល ក្នុងឱកាសអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា ១៩៧៩.២០១៨ ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលត្រូវប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានសមភាពថ្មី ដោយមានការចូលរួមពីអស់លោក លោកស្រីជាក្រុមប្រឹក្សាសង្កាត់ មេភូមិ ជំនួយការភូមិ និង ប្រជា ការពារភូមិទាំង១៤ភូមិចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយដង្គំបានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលបានអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការកសាងសមិទ្ធផលនានាក្នុងក្រុង ផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម នូ ផល្លា ក៏បានគូសបញ្ជាក់ថា ថ្វីត្បិតតែរយៈពេល ៣៩ឆ្នាំបានកន្លងផុតទៅហើយក្តី ក៏ប៉ុន្តែយើងគ្រប់រូបនៅតែចងចាំជានិច្ច មិនអាចបំភ្លេចបាន នូវសោកនាដកម្ម គ្រោះមហន្តរាយដែលបង្កឡើងដោយសង្គ្រាម ជាពិសេសឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពតក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃសោះ របបអាវខ្មៅបានកាប់សម្លាប់យ៉ាងរង្គាលមកលើប្រជាជនកម្ពុជា ។

ឯកឧត្តម ក៏បានបន្តទៀតថា ការជួបជុំគ្នានៅរសៀលថ្ងៃនេះ ក្រោមការជួយឧបត្ថម្ភរបស់ លោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ក្នុងគោលបំណងធ្វើឲ្យយើងគ្រប់រូប កាន់តែយល់ច្បាប់អំពីអត្ថន័យជាប្រវត្តិសាស្ត្រពីស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបាននាំមកនូវ សមិទ្ធិផលជាច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៩ឆ្នាំមកនេះ ព្រមទាំងរំលឹកដឹងគុណរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជា សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការការពារកសាងប្រទេស ។ ម៉្យាងទៀតសមិទ្ធិផលទាំងនេះ ក៏ដោយមានការចូលរួមយ៉ាងសកម្មមុះមុតពីសំណាក់បងប្អូនជនរួមជាតិក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេសផងដែរ ។

ឯកឧត្តម ក៏បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លា ចំពោះការចូលរួមរបស់បងប្អូន ជាកងកម្លាំងប្រដាប់ អាវុធ ទាំងសមត្ថកិច្ច ប្រជាការពារភូមិ ដែលបានចូលរួមកសាងឡើងជូនដល់សង្គមជាតិ ការពារកសាងសមិទ្ធិផលនានា ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យគណបក្សប្រជាជនដឹកនាំប្រទេសបានរហូតដល់បច្ចុប្បន្ន។

ឯកឧត្តម នូ ផល្លា ក៏បានលើកឡើងថា ភាពរស់នៅសុខសាន្តរបស់ប្រជាជន គឺកើតចេញមកពីកត្តាសន្តិសុខ និង សន្តិភាព ក្រោមគោលនយោបាយឈ្មះៗរបស់រាជរដ្ឋាភិបាល នៃស្មារតីជ័យជម្នះ ៧មករានេះឯង ។ ក្នុងនោះដែរឯកឧត្តម ក៏
បានលើកឡើងផងដែរថា ការជួបជុំសំណេះសំណាលជាមួយបងប្អូនថ្ងៃនេះ ស្របពេលដែលនៅប្រទេសកម្ពុជាយើង នឹង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ផងដែរ ។

កម្មវិធីនេះ គឺជាប្រពៃណី ទំនៀមទម្លាប់ របស់គណបក្សប្រជាជនកម្ពុជានៅរៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ ជួបសំណេះសំណាលជាមួយបងប្អូនក្រុមការងារទាំងអស់ ក្នុងការតបស្នងសងគុណបំណាច់ និង រំលឹកនូវវីរៈភាព ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប ។

ឯកឧត្តម នូ ផល្លា ក៏បានលើកផងដែរ អំពីការធ្វើបដិវត្តពណ៌ របស់ក្រុមពួកក្បត់ជាតិមួយចំនួន ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្រប ច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រទេសជាតិ កើតនូវអសន្តិសុខក្នុងសង្គម ។ ម៉្យាងទៀតសមទ្ធិផលដែលបានកើតឡើងទាំងនេះ ក៏ ដោយកត្តានៃសុខសន្តិភាព របស់ប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហមនៅកម្ពុជា ដោយនាំមកនូវសុខសន្តិភាពពេញ ផ្ទៃប្រទេស ។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការ ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំខាន់ចំពោះយុវវ័យគ្រប់រូប ដែលជាអ្នកបន្តវេន ត្រូវមានការខិតខំពង្រឹងនូវមហាសាមគ្គីភាព ឯកភាព និង ពង្រីកនូវអំពើល្អ ក្នុងការការពារសន្តិសុខ ស្ថិរភាពនយោបាយ និង ឯកភាព នៅគ្រប់មជ្ឈ ដ្នាន គ្រប់មូលដ្ឋាន ក្រោមម្លប់សន្តិភាពនៃមហាគ្រួសារខ្មែរតែមួយ ៕