សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអគ្គនាយកធនាគារ Exim Bank of China


ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅរសៀលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាវ លៀនកឺ (Liu Liange) អគ្គនាយកធនាគារនីហរ័ណ អាហរ័ណចិន (Exim Bank of China) ។

លោក លាវ លៀនកឺ (Liu Liange)បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានទាក់ទាញដល់ការសម្រេចចិត្តមកវិនិយោគផ្នែកធនាគារនៅក្នុងប្រទេសកម្ពុជា។ លោក លាវ លៀនកឺ មានប្រសាសន៍បន្តថា កន្លងមកធនាគារនីហរ័ណអាហរ័ណចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនា សម្ព័ន្ធ អគ្គីសនី ប្រព័ន្ធធារាស្រ្តជាដើម ដោយឡែកនៅពេលនេះ វត្តមានធនាគារលោក ក្នុងប្រទេសកម្ពុជា គឺដើម្បីសុំអនុសាសន៍បន្ថែមពី សម្តេចតេជោ តើកម្ពុជាមានអ្វីទៀតដែលធនាគាររបស់លោកអាចចូលរួមចំណែកអភិវឌ្ឍថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានភាពល្អបំផុត នៅពេល នេះ ហើយកម្ពុជាមានទស្សនៈវិស័យពិតប្រាកដក្នុងការអភិវឌ្ឍអ្វីដែលធនាគារនីហរ័ណអាហរ័ណចិន បានជួយនាពេលកន្លងមក គឺសុទ្ធសឹងតែជាគម្រោងអាទិភាពទាំងអស់របស់កម្ពុជា ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជាបានដាក់គម្រោងទៅកាន់ភាគីចិន សម្រាប់ឆ្នាំ២០១៨រួចហើយ ក្នុងនោះគម្រោងអាទិភាពមួយទៀត គឺ គម្រោង ផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ របស់រាជធានីភ្នំពេញ។ តាមរយះគម្រោងអាទិភាពនេះ សម្តេចបានស្នើសុំឲ្យធនាគារនីហរ័ណ អា ហរ័ណ ចិន ពិនិត្យក្នុងជំរុញគម្រោងជាអាទិភាពនេះឲ្យបានចេញជារូបរាងពិតប្រាកដឆាប់ៗនេះ៕