លោកជំទាវ ឌីសុខីទីឃាយុកោ បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ធំ


ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ឌីសុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០២ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកជំទាវ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

១.ផ្ទះលេខ២២៥ ប្រគល់ជូនបងស្រី គ្រឿន សន អាយុ៤០ឆ្នាំ រស់នៅភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពងធំ ជាអំណោយ ឯកឧត្តមបណ្ឌិត ឆ បូណាវី និងលោកជំទាវ នន់ ស៊ីផារ៉ា។

២.ផ្ទះលេខ២២៦ ប្រគល់ជូនលោកយាយ វ៉ាយ យ៉ម អាយុ៦៨ឆ្នាំ រស់នៅភូមិវាលចាស់ ឃុំសាគ្រាម ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ជាអំណោយ ឯកឧត្តម បណ្ឌិត ឆ បូណាវី និងលោកជំទាវ នន់ ស៊ីផារ៉ា។

បញ្ជាក់ : ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។

ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់​ជន​ពិការចំនួន ០៣គ្រឿង និងថវិកាមួយចំនួន។

ដោយឡែកទុរគតជនចំនួន ០៣គ្រួសារផ្សេងទៀត រស់នៅឃុំក្រយា និងឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកស៊ីអ៊ីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនធំ និងថវិកា៥០ម៉ឺនរៀល៕