ផ្លែស្វាយកម្ពុជាដឹកទៅលក់នៅទីផ្សារអឺរ៉ុប


Mago 11 05 16 2 copy

     ក្រុមហ៊ុនម៉ុងរិទ្ធីបាននាំផ្លែស្វាយខ្មែរលើកដំបូងជិត ៦០តោន ចេញទៅលក់នៅទីផ្សារអឺរ៉ុប ។ ផ្លែស្វាយកម្ពុជា កន្លងមកត្រូវគេឃើញថា បានផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីប៉ុណ្ណោះ ហើយលក់ក្នុងតម្លៃទាបថែមទៀត ។ ប៉ុន្តែក្រុមហ៊ុន ម៉ុង រិទ្ធី ដែលផ្ដោតការវិនិយោគលើវិស័យកសិកម្ម និងកសិឧហ្សាហកម្ម នៅឆ្នាំ ២០១៦នេះ បាននាំផ្លែស្វាយដាំក្នុងប្រទេសកម្ពុជា ចេញទៅលក់ក្នុងតម្លៃខ្ពស់ នៅទីផ្សារប្រទេសអឺរ៉ុប ។

     សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្លែស្វាយទាំងនេះ បានដឹកជញ្ជូនតាមជើងយន្តហោះ Quata Air Way ។ ការដឹកជញ្ជូនតាមយន្តហោះនេះ សរុបបាន ១៤ជើងហើយ រួមទាំងការដឹកចុងក្រោយនៅវេលាយប់ថ្ងៃទី៩ ខែឧសភា នូវផ្លែស្វាយ ទម្ងន់ ៤៧១០គីឡូក្រាម នោះ ។ ក្រុមហ៊ុនម៉ុងរិទ្ធី បានអោយដឹងថា សរុបក្នុងឆ្នាំ ២០១៦នេះ ក្រុមហ៊ុនបានដឹកផ្លែស្វាយ ១៤ជើង ដែលមានទម្ងន់ ៥៩តោន ១៧៩គីឡូក្រាម ក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ។

     ក្នុងទំព័រ Facebook លោកឧកញា ម៉ុង រិទ្ធី បានសរសេរថា លោកបានចំណាយពេលវេលា ៣ឆ្នាំ នៃការទន្ទឹងរង់ចាំ ទំរាំបានសម្រេចសេចក្តីប្រាថ្នារបស់លោក ។ ប្រភេទស្វាយដែលបាននាំចេញនោះ គឺជា ស្វាយអៃវិន រួមជាមួយនឹង ស្វាយកែវរមៀត ។ លោកបានសរសេរថា នោះគឺជាមោទនភាពរបស់ជាតិខ្លាំងណាស់ ដែលកន្លងមក គេឃើញមានលក់តែផ្លែស្វាយប្រទេសជិតខាង នៅលើទីផ្សារអន្តរជាតិ តែពេលនេះមានផ្លែស្វាយខ្មែរនៅលើទីផ្សារអន្តរជាតិហើយ ។

Mago 11 05 16 3 copy

Mago 11 05 16 4 copy

Mago 11 05 16 5 copy

Mago 11 05 16 6 copy