កម្ពុជា សឹង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការ


 Singapor 11 05 16 2 copy

    កម្ពុជា និងសឹង្ហបុរី បានបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ។ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ បានប្រព្រឹត្តទៅក្នុងជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹងឯកអគ្គរដ្ឋទូតសឹង្ហបុរី ឯកឧត្តម ខេវិន ឈុក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ ។

     សឹង្ហបុរីគឺជាប្រទេសមួយដែលស្ថិតក្នុងលំដាប់ទី៩ នៃក្នុងផ្នែកវិនិយោគទុនបរទេស នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ស្វាគមន៍ នូវជោគជ័យដែលក្រសួងហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធផ្ទួនគ្នារវាងប្រទេសទាំងពីរ និងបានសង្ឃឹមថា ការចុះហត្ថលេខានាអនាគតខាងមុខលើកិច្ចព្រមព្រៀងនេះ នឹងរួមចំណែកដ៏សំខាន់ទៀត ក្នុងការបង្កើនសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទ្វេភាគី ។

     ក្នុងជំនួបនេះផងដែរ ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានជូនដំណឹងអំពីការគ្រោងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីសឹង្ហបុរី មកកាន់កម្ពុជានៅដើមឆ្នាំ ២០១៧… ដំណើរគ្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី មកកម្ពុជានៅចុងឆ្នាំ ២០១៦ នេះផងដែរ ។ ប្រទេសសឹង្ហបុរីក៏បានបង្ហាញនូវបំណងក្នុងការពង្រីកបន្ថែមទៀត នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលសឹង្ហបុរី នៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ការបណ្តុះបណ្តាលជូនមន្ត្រីរាជការកម្ពុជា ។