ឯកឧត្តម យុទ្ធ ភូថង អញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសិលាស្តីពី “ វិធាន និងនិតិវិធីប្រតិបត្តិពាណិជ្ជកិច្ចលើធាតុចូលក្នុងផលិតកម្មកសិកម្ម ”


នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្វពិធីបើកសិក្ខាសិលាស្តីពី “ វិធាន និងនិតិវិធីប្រតិបត្តិពាណិជ្ជកិច្ចលើធាតុចូលក្នុងផលិតកម្មកសិកម្ម ” ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោក លោកស្រី និងសមាជិក សមាជិការ នៃអង្គសិក្ខាសិលាទាំងមូល។ ឆ្លៀតឱកាសដ៍វិសេសវិសាលនេះ ឯឧត្តម បានលើកពីតួនាទីសំខាន់ៗ ដែលជាធាតុចូលក្នុងផលិតកម្មកសិកម្ម ក្នុងការលើកកម្ពស់ការអភិវឌ្ឍផលិតកម្មដំណាំកសិកម្មស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨។ យ៉ាងណាមិញ ទន្ទឹមនឹងកំណើននេះ យើងមានបញ្ហាប្រឈមផងដែរនៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងពាណិជ្ជកម្មនាំចូល និងចែកចាយថ្នាំ និងជីកសិកម្មរបស់អាជីវករ ក្លែងបន្លំ និងគ្មានស្លាកយីហោច្បាស់លាស់ គ្មានគុណភាព ទៅប្រជាកសិករប្រើប្រាស់ក្នុងផលិតកកម្មកសិកម្ម ។ ទាំងនេះ ចាំបាច់តម្រូវឲ្យក្រសួង ក៍ដូចជានាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យ និងពង្រឹងចំណេះដឹងបច្ចេកទេសឲ្យបានល្អប្រសើរ ដើម្បីចែករំលែក និងផ្សព្វផ្សាយចំណេះដឹង លិខិតបទដ្ឋានគតិយុត្តិនានាជូនដល់អាជីវករនិងផ្សព្វផ្សាយពីការប្រើប្រាស់ និងអត្ថប្រយោជន៍នៃជី និងថ្នាំកសិកម្មដែលមានគុណភាព ប្រសិទ្ធិភាព តម្លៃសមស្រប ដែលអាចជួយដល់កសិករឲ្យទទួលបានផលប្រយោជន៍ពិតប្រាកដ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ឯឧត្តម យុទ្ធ ភូថង ក៍បានបន្តទៀតថា បច្នុប្បន្ននេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា ការគ្រប់គ្រងធាតុចូលក្នុងផលិតកម្មកសិកម្មនូវជួបបញ្ហាប្រឈមជាច្រើន ដូចមានជាអាទិ៍៖
១-ថ្នាំកសិកម្ម និងជីកសិកម្មមួយចំនួនក៍ដូចជាសម្ភារៈកសិកម្មផ្សេងទៀតនៅតែហូរចូលមកក្នុងប្រទេសយើងដោយល្មើសច្បាប់ និងចរាចរលើទីផ្សារដោយគ្មានការធានាគុណភាព ផលិតផលហាមឃាត់ ឬមានគ្រោះថ្នាក់ ហើយផ្លាកសញ្ញាព័ត៌មាន រឺវេចខ្ចប់ជាច្រើនភាគច្រើនជាអក្សរបរទេសដែលកសិករមិនអាចយល់បាន។
២-ជីកសិកម្មមួយចំនួនត្រូវបានក្លែងគុណភាព ក្លែងសំបកវេចខ្ចប់ដោយអាជីវករគ្មានមនសិការ ហើយបានចរាចរលក់ដាក់ដល់ដៃកសិករដោយផ្ទាល់ និងជាផលិតផលនាំហូរចូលពីប្រទេសមកពីប្រភពល្មើសច្បាប់ជាពិសេសតាមច្រកព្រំដែនដែលគ្មានការត្រួតពិនិត្យ។
៣-កសិករមួយភាគធំដែលពុំទាន់ទទួលបានការបណ្តុះបណ្តាលនៅតែប្រើប្រាស់ថ្នាំកសិកម្មដោយប្រថុយប្រថាន ភាពគ្រោះថ្នាក់ ដូចជាការប្រើប្រាស់ថ្នាំកសិកម្មដែលមានកំរិតខ្ពស់ខ្លាំង ការរលាយថ្នាំកសិកម្មច្រើនមុខបញ្ចូលគ្នា មិនបានប្រើបា្រស់សម្ភារៈការពារនៅធ្វើការជាមួយថ្នាំកសិកម្ម និងការប្រើប្រាស់ថ្នាំកសិកម្មមិនចំគោលដៅទៅតាមបទដ្ឋានបច្ចេកទេសទៅតាមប្រភេទដីប្រភេទដាំណាំដំណាក់ការលូតលាស់របស់ដំណាំ។
នៅក្នុងឳកាសនោះផងដែរឯឧត្តមបានផ្តល់អនុសាសន៍មួយចំនួនផងក្នុងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដូចជា៖
១-បន្តពង្រឹងការពិនិត្យវាយតម្លៃបំពេញលើការតំរូវការសំណើរសុំការចុះបញ្ជី ការណើរលិខិតអនុញ្ញាតនាំចូល នាំចេញ និងលិខិតអនុញ្ញាតផ្សេងៗទៀតពាក់ព័ន្ធនិងថ្នាំកសិកម្ម និងជីកសិកម្មដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

២-បន្តពង្រឹងសមត្ថភាពរបស់មន្ត្រីអង្គភាពបំពេញតួនាទីជាមន្ត្រីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មដែលមាននិតិសម្បទាជានគរបាលយុត្តិធម៌ដើម្បីពង្រឹងការអនុវត្តច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មគ្រប់រូបភាពនៅទូទាំងប្រទេសជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះខេត្តជាប់ព្រំដែនដែលមានច្រកនាំចូល និងត្រូវពង្រឹងការអនុវត្ត និងកាពិនិត្យដើមគ្រាលើថ្នាំកសិកម្ម និងជីកសិកម្មដែលធ្វើការនាំចូល នៅមុនពេលនាំចូលផ្គត់ផ្គង់ចែកចាយលើទីផ្សារ ដែលត្រួតពិនិត្យលើគុណភាពផលិតផលស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់សម្រាប់ផលិតផលនាំចូល។
៣-បន្តអនុវត្តកម្មវិធីផ្សព្វផ្សាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាននៅខឹ្លមសារគោលនយោបាយ និងនិតិវិធីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលត្រូវយកចិត្តទុកដាក់ចំពោះខេត្តគោលដៅ និងស្រុកទទឹមនឹងនោះត្រូវជំរុញការអនុវត្តនិតិវិធីផ្សាយពាណិជ្ជកម្មរបស់ផ្នែកឯកជនអំពីសម្ភារៈកសិកម្មជាពិសេសការផ្សាយពីថ្នាំកសិកម្ម និងជីកសិកម្មដែលត្រូវមានការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើអត្ថបទផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងនិតិវិធីជាធរមាន។

៤-បន្តពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគគុណភាពជីកសិកម្មដើម្បីវិភាគសារធាតុក្លូអធ្ងន់នៅក្នុងជីកសិកម្មដែលមានសារធាតុបង្កគ្រោះថ្នាក់សម្រាប់ការស្នើរសុំចូលបញ្ជីជីកសិកម្ម និងសម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់។

៥-ត្រូវធ្វើបទបង្ហាញ និងពន្យល់ដល់ពាណិជ្ជករសម្រាប់សម្ភារៈកសិកម្មទាំងអស់នៅក្នុងអង្គសិក្ខាសិលានេះបណ្តានិតិវិធី បទបង្ហាញបច្ចេកទេសព្រមទាំងតំរូវការពាណិជ្ជកម្មសម្ភារៈកសិកម្មទាំងអស់យកទៅអនុវត្តបានល្អ។

៦-ត្រូវសហការណ៍ជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធ អង្គភាពប្រដាប់អាវុធ និងស្ថាប័នតុលាការដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម សម្ភារៈកសិកម្មនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព។