ស្ថានទូតអាមេរិក បញ្ជាក់ការមិនជាប់ពាក់ព័ន្ធនឹង «ក្រុមអាវខ្មៅ»


US Amba 12 05 16 2 copy

     មន្ត្រីអាមេរិក បានបដិសេធការជាប់ពាក់ព័ន្ធរបស់ក្រុងវ៉ាស្ហ៊ីនតោន ជាមួយនឹងក្រុមដែលធ្វើយុទ្ធនាកាអំពាវនាវស្លៀកខោអាវខ្មៅ ដែលគេសង្ស័យថាជាយុទ្ធនាការញុះញង់បដិវត្តពណ៌ខ្មៅ ក្នុងការចង់ទាញកម្ពុជាដែលទើបបានទទួលសន្តិភាព ឱ្យធ្លាក់ក្នុងអំពើចលាចលនិងសង្គ្រាមសាជាថ្មី ។ សម្តីបដិសេធភាពពាក់ព័ន្ធបានធ្វើនៅព្រឹកថ្ងៃទី១១ ខែឧសភា ក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយនឹងឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហេថ

     មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឱ្យដឹងថា មានបណ្តាញព័ត៌មានខ្លះបានផ្សព្វផ្សាយថា ស្ថានទូតអាមេរិកបានជាប់ពាក់ព័ន្ធក្នុងការលើកទឹកចិត្ត យុទ្ធនាការស្លៀកខោអាវខ្មៅនោះ ដោយសារហេតុការណ៍ទាំងនោះបានកើតឡើង គឺក្រោយព្រឹត្តិការណ៍ដែលមានការជួបគ្នា រវាងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ជាមួយនឹងឯកអគ្គរដ្ឋទូតអាមេរិក ។

     មន្ត្រីអ្នកនាំពាក្យដដែលបានថ្លែងថា លោក វីលៀម ហេថ បានបញ្ជាក់ប្រាប់ ឯកឧត្តម ប្រាក់ សុខុន ថា បើទោះបីជាមានការជួបគ្នា រវាងលោកជាមួយនឹងក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះមែន ប៉ុន្តែការជួបគ្នានោះ គឺជាការពង្រឹងការងារធម្មតារវាងទូតអាមេរិក និងក្រុមអង្គការក្រៅរដ្ឋាភិបាល… ហើយជំនួបនោះ គឺស្ថានទូតអាមេរិក មិនបានអំពាវនាវឬលើកទឹកចិត្តឱ្យពួកសង្គមស៊ីវិលទាំងនោះ ធ្វើយុទ្ធនាការស្លៀកខោអាវខ្មៅអ្វីនោះឡើយ ។

     គួរកត់សម្គាល់ថា យុទ្ធនាការស្លៀកខោអាវខ្មៅនៅថ្ងៃច័ន្ទ នោះផងដែរ ត្រូវគេឃើញថា បានចេញមុខគាំទ្រដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅស្រុកផងដែរ ។ សម្តេចនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ បានមានប្រសាសន៍បង្ហាញការប្តេជ្ញារក្សាសន្តិភាព និងសណ្តាប់ធ្នាប់ទូទាំងប្រទេសប្រឆាំងរាល់អំពើអុកឡុកនានា ដែលចង់នាំការផ្លាស់ប្តូរពីសន្តិភាព ទៅរកអំពើចលាចល និងសង្គ្រាមស៊ីវិល ។ ប្រសាសន៍របស់សម្តេច បានបង្ហាញភាពម៉ឺងម៉ាត់ក្នុងកិច្ចការពាររបស់រាជរដ្ឋាភិបាល ដើម្បីសន្តិសុខប្រជាពលរដ្ឋជាង ១៤លាននាក់ នៅទូទាំងប្រទេស ។

     កម្ពុជាមានអង្កការក្រៅរដ្ឋាភិបាលសរុបជាង ៤ពាន់អង្គការ ដែលកំពុងដំណើរការក្នុងប្រទេស… ចំណែកក្រុមសកម្មជនដែលអំពាវនាវឱ្យមានយុទ្ធនាការស្លៀកខោអាវខ្មៅ ប្រឆាំងចំណាត់ការរាជរដ្ឋាភិបាល ដាក់ទោសលើសកម្មជនសិទ្ធិមនុស្សប្រព្រឹត្តកំហុស ត្រូវគេនិយាយថា មានតែចំនួនប្រមាណតែ ៣ ទៅ ៤អង្គការ តែប៉ុណ្ណោះ ។

US Amba 12 05 16 3 copy  US Amba 12 05 16 4 copy