លោកគ្រូអ្នកគ្រូទូទាំងស្រុកកណ្តៀងប្រមាណ៦២២នាក់ ទទួលឯកឧត្តម ម៉ៅ ធនិន ធ្វើមេគ្រួសារគ្រូបង្រៀន


ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ៖ ក្នុងនាម ថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមជាមេគ្រួសារគ្រូបង្រៀនទូទាំងស្រុកកណ្តៀង ក៏ដូចជាទូទាំងខេត្ត ឯកឧត្តមសូមឲ្យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារ ធម៌ ទាំង ៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម ។ គ្រូគឺជាគ្រួសារគម្រូ និងជាថ្នាល បណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ទៅរកការងារអភិវឌ្ឍន៍សង្គម ជាតិ លើគ្រប់វិស័យ ។
ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តមបានអញ្ជើញចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារលោកគ្រូអ្នកគ្រូទូទាំងស្រុកកណ្តៀង ប្រមាណ ៦២២នាក់ នាព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ នៅវិទ្យាល័យហ៊ុនសែន កណ្តៀង ស្ថិតនៅក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ។
លោក កឹន គឹមតូ ប្រធានការិយាល័យអប់រំ យុវជន និង កីឡា ស្រុកកណ្តៀង បានជម្រាប់ជូនអំពីស្ថានភាព វិស័យអប់រំ ឆ្នាំសិក្សា ២០១៥-២០១៦ទូទាំងស្រុក ផ្នែកចំណេះទូទៅ គឺមានវិទ្យាល័យ ២សាលា សិស្សមាន ១៤៨៧នាក់ គ្រូ ១៤៤នាក់ អនុវិទ្យាល័យមាន ៥សាលា សិស្សមាន ៧៥០នាក់ គ្រូមាន ៧២នាក់ បឋមសិក្សាមាន ៤១សាលា សិស្សមាន ៨៦២០នាក់ គ្រូមាន ៣០៧នាក់ និង ថ្នាក់មត្តេយ្យសិក្សាមាន ៤សាលា សិស្សមាន ៣១៧នាក់ គ្រូមាន ៣៥នាក់ ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទូទាំងស្រុកកណ្តៀង ដែលបានខិតខំប្រឹងប្រែង និង ផ្ទេរចំណេះដឹង បង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យកុមារពេញវ័យ សិក្សាទទួលបានសេវាអប់រំ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និង ជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និង ប្រសិទ្ធភាព សម្រាប់ការស្តារ និង អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ។ ឯកឧត្តម បានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមជាមេគ្រួសារ ឯកឧត្តមសូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង ៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម ។ ឯកឧត្តមបន្ថែមថា បើបានធ្វើជាមេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះ ក៏មានទឹកបបរ និង ទឹកស្ករដែរ សុខចិត្តឲ្យស្តួចកុំឲ្យដាច់ ។ ឯកឧត្តមបានបន្ថែមទៀតថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ ដូចអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឲ្យបាន ឲ្យលឿន និង មានតម្លាភាព ពិសេសផ្តោតទៅលើសេវាវិស័យអប់រំ គ្រប់កំរិតទូទាំងស្រុក ក៏ដូចជាទូទាំងខេត្ត ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ការតែងតាំងបុគ្គលិកសិក្សា សូមពិនិត្យឲ្យបានច្បាស់លាស់ និង មានការសម្រេចចិត្ត ពីសមោហភាព ហើយការជ្រើសរើសគ្រូកិច្ចសន្យា ត្រូវជ្រើសរើស ឲ្យបាន និង ចំកន្លែងដែលខ្វះខាតពិតប្រាកដ ។
ក្នុងឱកាសជួយសំណេះសំណាលនោះ ឯកឧត្តមបានជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកសរុបប្រមាណ ៦២២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះ ១១នាក់ ទទួលបានសារុងម្នាក់ ៥ ហើយនេះគឺជាទំលាប់របស់ឯកឧត្តម និង លោកជំទាវ ហ៊ុន ចាន់ធី តែងតែគិតគូទៅដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រប់ទីកន្លែងទាំងអស់ ៕

Mao Tornin 12-5-2016 (9)

Mao Tornin 12-5-2016 (6)

Mao Tornin 12-5-2016 (10)

Mao Tornin 12-5-2016 (7)

Mao Tornin 12-5-2016 (8)

Mao Tornin 12-5-2016 (2)

Mao Tornin 12-5-2016 (1)

Mao Tornin 12-5-2016 (3)