ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលកម្ពុជា បានទាត់ចោលការវាយតម្លៃ ដោយអង្គការអាមេរិក Freedom House ទៅលើលទ្ធិប្រជាធិបតេយ្យកម្ពុជា


(ភ្នំពេញ)៖  ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានទាត់ចោលការវាយតម្លៃ ដោយអង្គការអាមេរិក Freedom House ទៅលើលទ្ធិប្រជាធិបតេយ្យកម្ពុជា។ អ្នកនយោបាយរូបនេះបានអះអាងថា ទាំងប្រជាជនកម្ពុជា ទាំងរដ្ឋាភិបាល មិនត្រូវការដាក់ពិន្ទុដោយ Freedom House នោះទេ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច​ បានធ្វើឡើងបន្ទាប់ពីអង្គការ Freedom House (ហ៊្វ្រីដមហៅស៍) បានចេញរបាយការណ៍មួយឈ្មោះ  «‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយ​វាយ​តម្លៃ​​កម្ពុជា រួមទាំងប្រទេសមួយចំនួនទៀតថា បានធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

អង្គការ Freedom House បានបញ្ជាក់ប្រាប់មូលហេតុនៃការវាយតម្លៃចំពោះប្រទេសកម្ពុជាបែបនេះថា ដោយសារតែបង្ក្រាបទៅលើបក្សប្រឆាំងរួមមាន ការរំលាយគណបក្សប្រឆាំងធំជាងគេ និង ចោទថ្នាក់ដឹកនាំបក្សនេះថាក្បត់ជាតិ។

ឆ្លើយតបនឹងការវាយតម្លៃនេះ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «និយមន័យនៃសេរីភាពត្រូវបានផ្តល់ខុសៗគ្នា ទៅតាមភូមិសាស្ត្រប្រទេស ភូមិសាស្ត្រតំបន់ និងប្រជាជន ដូច្នេះកម្ពុជាមិនមានការចាំបាច់ចំពោះអង្គការ ណាមួយមកធ្វើជាអ្នកផ្តល់ពិន្ទុ លើសេរីភាព និងអធិបតេយ្យរបស់ខ្លួននោះទេ»។

លោកបានបន្តថា «ប្រជាជនកម្ពុជា សុំតែអ្នកពូកែផ្តល់ពិន្ទុនោះជួយថវិកា ដើម្បីកាត់បន្ថយ ភាពក្រីក្រមកកម្ពុជា ដំឡើងប្រាក់ខែឱ្យកម្មករខ្មែរ កសាងផ្លូវជនបទ ជីកអណ្តូង នោះ កម្ពុជាអាចផ្តល់ពិន្ទុវិញថា Freedom House មិនចោលម្សៀត មិនកុហកបោកប្រាស់ មិនស៊ីឈ្នួលផ្តល់ពិន្ទុ»

នៅក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដើរថយក្រោយឡើយ មានតែរឹងមាំ រីកចម្រើន ទៅមុខជាបន្តបន្ទាប់។