សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ នេះបើយោងតាមការបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់)ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ»។

ថ្លែងនៅក្នុងពិធីអញ្ជើញផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មជាមួយការចេញផ្សាយរបស់ព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលថាការបោះឆ្នោតអាចនឹងមិនអាចធ្វើទៅបានប្រសិនបើមានភាពច្របូកច្របល់។ ឆ្លើយតបការចេញផ្សាយនេះសម្តេចតេជោ បានគូសបញ្ជាក់ច្បាស់ថា ការបោះឆ្នោតនៅកម្ពុជា ទាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅតែបន្តទៅតាមកាលបរិច្ឆេទដូចការគ្រោងទុក។

សម្តេចតេជោ ហ៊ុន សែន ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តនៅតែធ្វើតាមការកំណត់ឥតមានការផ្លាស់ប្តូរ ទោះបីក្នុងតម្លៃណាក៏ដោយ ហើយមិនចាំការទទួលស្គាល់ក្រៅពីប្រទេសណាមួយ ក្រៅពីប្រជាពលរដ្ឋកម្ពុជានោះឡើយ៕