សម្តេចតេជោ ហ៊ុន សែន ទទួលយកសំណើរលោក វង សូត សម្តេចតេជោព្រមធ្វើជាប្រធានកិត្តិយសនៃមូលនិធិមនុស្សចាស់


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចតេជោព្រមទទួលយកតួនាទីជាប្រធានកិត្តិយសនៃមូលនិធិមនុស្សចាស់តាមសំណើរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

“គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧- ២០៣០” ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្ត៕