សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០


សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

“គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០” ត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំនិងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននឹងកំពុងដាក់ឲ្យអនុវត្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយយ៉ាងខ្លាំងចំពោះការដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានខិតខំកសាងខ្លួនជាបន្តបន្ទាប់ពីប្រទេសក្រីក្រ មកជាប្រទេសដែលប្រាក់ចំណូលមធ្យមកំរិតទាបនេះ។ ទន្ទឹមនឹងភាពរីកចម្រើននេះ កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ កន្លងមកមនុស្សវ័យចាស់ក៏ត្រូវបានយកចិត្តទុក្ខដាក់ជាបន្តបន្ទាប់ផងដែរតាមរយៈការបង្កើតសកម្មភាពថែទាំមនុស្សចាស់ និងតាមរយៈអង្គការសមាគមមនុស្សចាស់ជាដើម។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមដូចជាការផ្តល់សេវាថែទាំសុខភាពជូនមន្ត្រីរាជការ កម្មករកម្មការិនី មូលនិធិស៊ីក្លូ បេឡានរបបសន្តិសុខសង្គម និងមានការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលខាងមុខនេះផងដែរ។

គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ មានអាទិភាពការងារចំនួន ០៩ រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

ដំណើរការនៃការរៀបចំគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ត្រូវបានទទួលការយកចិត្ដទុកដាក់ និង មានកិច្ចសហការយ៉ាងល្អពីក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការមនុស្សចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ ប្រជាជន (UNFPA) ជាដើមព្រមទាំងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថានឹងទទួលយល់ព្រមធ្វើជាប្រធានកិត្តិយសនៃ មូលនិធិទ្រទ្រង់មនុស្សចាស់ តាមការស្នើរសុំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រគល់សៀវភៅក្របខ័ណ្ឌ “គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០” ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អោយអនុវត្តចាប់ពីពេលនេះតទៅ។ ខ្លឹមសារនៃសុន្ទរកថាទាំងមូលរបស់ សម្តេចតេជោ គឺបានផ្សាយផ្ទាល់នៅមុននេះបន្តិចក្នុង Facebook សម្តេចតេជោ៕