សម្តេចតេជោ ហ៊ុន សែន ៖ គោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ មានអាទិភាពការងារ៩ចំណុច


(ភ្នំពេញ)៖ «គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០» ត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំនិងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននឹងកំពុងដាក់ឲ្យអនុវត្ត។

នាវិមានសន្តិភាព ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ រាជធានីភ្នំពេញ ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំងចំពោះការដាក់ចេញនូវគោលនយោបាយជាតិមួយនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ មានអាទិភាពការងារចំនួន០៩ រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

ដំណើរការនៃការរៀបចំគោលនយោបាយជាតិ ស្ដីពី មនុស្សវ័យចាស់២០១៧-២០៣០ ត្រូវបានទទួលការយកចិត្ដទុកដាក់ និង មានកិច្ចសហការយ៉ាងល្អពីក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការមនុស្សចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ ប្រជាជន (UNFPA) ជាដើមព្រមទាំងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រគល់សៀវភៅក្របខ័ណ្ឌ “គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០” ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អោយអនុវត្តចាប់ពីពេលនេះទៅ៕