ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការប្រកាសមិនចូលរួម និងមិនគាំទ្រចលនាសង្គ្រោះជាតិ របស់លោក កឹម សុខា គ្មានអ្វីចម្លែកនោះទេ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការប្រកាសមិនចូលរួម និងមិនគាំទ្រចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោក សម រង្ស៊ី របស់លោក កឹម សុខា គ្មានអ្វីចម្លែកនោះទេ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះថា អតីតបក្សសង្គ្រោះជាតិ បានតាំងខ្លួនជាបក្សប្រឆាំងផ្តាច់មុខ តាំងពីដើមមក ។ ក៏ប៉ុន្តែដើម្បីមហិច្ឆតាអំណាច និងតាមការបញ្ជរពីមេខ្លោងធំបរទេស បក្សប្រឆាំងមួយនេះ ហ៊ានប្រព្រឹត្តរំលោភច្បាប់ លទ្ធិប្រជាធិបតេយ្យទាំងកម្រោល ដោយមិនខ្លាចរអែងច្បាប់ អនុវត្តផែនការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយបានបង្ហាញផែនការនេះ ជាចំហថែមទៀត ធ្វើឲ្យមានពិរុទ្ធភាព ត្រូវប្រឈមមុខនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេស បង្កអំពើប្រទូស្តរ៉ាយដល់សន្តិសុខជាតិ ដែលជាទោសក្បត់ជាតិ ត្រូវទទួលខុសត្រូវចពោះមុខច្បាប់ដោយដាច់ខាត ។

ឯកឧត្តម បន្តថា ក្រោយការរំលាយអតីតបក្សប្រឆាំង ដោយតុលាការកំពូល អតីតមន្ត្រីបក្សនេះ នៅតែបន្តសកម្មភាព ប្រឆាំងនឹងប្រទេសជាតិខ្លួនឯង ប្រជាជនខ្លួនឯងដដែល ដែលជាសកម្មភាពខុសច្បាប់ ជាសកម្មភាពឧទ្ទាមនិយម ។

ឯកឧត្តម បន្ថែមថា ដោយឡែក ទណ្ឌិត សម រង្សី ឆ្លៀតឱកាស កឹម សុខា ជាប់ឃុំខ្លួន ក៏បង្កើតរបស់ហៅថា ចលនាសាង្គ្រោះជាតិមួយ ក្រៅច្បាប់និងមានសកម្មភាពជាឧទ្ទាម ដូចគ្នានឹងអតីតបក្សសង្គ្រោះជាតិ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ដូច្នេះទោះបីកឹម សុខា ប្រកាសមិនចូលរួម ជាមួយរបស់ហៅថា ចលនាសាង្គ្រោះជាតិ ក៏កឹម សុខា នៅតែជាកឹម សុខា ជាតួអង្គប្រឆាំងដដែល មិនមានអ្វីប្លែកទេ” ។

លោកក៏បានគូសបញ្ជាក់ដែរថា ហេតុនេះលោក សម រង្សី និងលោក កឹម សុខា គឺដៀតែខ្នូច ដូចតែគ្នា មិនខុសគ្នាឡើយ ៕