ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ទោះបីមានការទាមទារពីអតីតមន្ត្រីបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ ក៏គ្មានបានផលប្រយោជន៍ អ្វីទាំងអស់


ភ្នំពេញ៖ អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ទោះបីមានការទាមទារពីអតីតមន្ត្រីបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ ក៏គ្មានបានផលប្រយោជន៍ អ្វីទាំងអស់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ តេឡេក្រាមនៅថ្ងៃទី២១ មករានេះថា ទោះបីអតីតបក្សសង្គ្រោះជាតិ ត្រូវបានស្លាប់តៃហោង ទៅហើយតាមសាលដីកាស្ថាពរ របស់តុលាការកំពូល តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្តី ក៏មជ្ឈដ្ឋានអតីតមន្ត្រីបក្សប្រឆាំង នៅតែតាមលងមហាជនតទៅទៀត ។

ឯកឧត្តម បន្តថា ចលនាដែលក្រុម អតីតមន្ត្រីបក្សឆាំងទាមទាររួមមាន៖ ទី១-ការចង់ឲ្យលោក កឹម សុខា បានរួចពីការឃុំឃាំង រឿងនេះមិនអាចទៅរួចទេ ដោយសារសំណុំរឿង កំពុងស្ថិតនៅក្នុងដំណើរការ នីតិវិធីរបស់តុលាការ ស្របតាមពិរុទ្ធភាពរបស់សាម៉ីជន។ ទី២-ការចង់ស្តារនីតិសម្បទា អតីតបក្សសង្គ្រោះជាតិ មិនអាចបានជាដាច់ខាត ដោយសារបក្សនេះ បានស្លាប់បាត់ទៅហើយ ស្លាប់ស្របតាមគោលការណ៏ច្បាប់ ។ ទី៣- ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម យ៉ាងពិតប្រាកដ ដោយគ្មានអតីតបក្សប្រឆាំង ដែលបានស្លាប់បាត់ទៅហើយ ចូលរួមឡើយ។ ទី៤-បច្ចុប្បន្ន និងទៅអនាគត លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នៅតែត្រូវបានលើកកម្ពស់និងរីកចម្រើន ព្រមទាំងមាននិរន្តរភាពយ៉ាងរឹងមាំ ស្របតាមសភាពការណ៏វិវត្តន៏រីកចម្រើនរបស់ប្រទេសជាតិ គ្មានអានុភាពណាអាចមករារាំង ប្ញបំផ្លាញបានជាដាច់ខាត។

ឯកឧត្តម សុខ ឥសានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញានិងរក្សាជំហរដឹកនាំប្រទេស តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ធ្វើជាមជ្ឈមណ្ឌលនៃ សុខដុមនីយកម្មសង្គមទាំងមូល ដើម្បីថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ៕