លោកបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចែកទឹកជូនពលរដ្ឋ៥៥៧គ្រួសារ


ប្រជាពលរដ្ឋចំនួន៥៥៧គ្រួសារ មកពីឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត រួមនឹងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពតជាច្រើនទៀត បាននាំយកទឹកបរិសុទ្ធ និងទឹកស្អាតទៅចែកជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតទឹក ប្រើប្រាស់នានារដូវប្រាំងនេះ ។
ពិធីនេះបានប្រារព្ធឡើងនៅបរិវេណវត្តព្រែកទប់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច កាលពីពេលថ្មីៗ នេះ ។ ជួសមុខឱ្យប្រជាពលរដ្ឋក្នុងឃុំព្រែកក្រឹសទាំងមូល លោកអភិបាលរងស្រុកកំពង់ត្រាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងចុះជាប់ និងយកចិត្តទុកដាក់ដល់សុខទុក្ខ ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលកំពុង ទទួលរងគ្រោះធម្មជាតិនានា ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម។ មានប្រសាសន៍ជាមួយប្រជាពលរដ្ឋនៅពេលនេះ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានមានប្រសាសន៍ថា ទោះបីការចែកទឹកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ មិនគ្រប់តាមតម្រូវការក៏ពិតមែន  តែវាអាចជួយដោះស្រាយការប្រើប្រាស់ និងបរិភោគរបស់បងប្អូនបានមួយគ្រាៗផងដែរ ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះតែទាំសុខភាព ព្រោះរដូវនេះជារដូវក្តៅ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ទើបអាចជៀសផុតពីជំងឺឆ្លងផ្សេងៗបាន ។ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានជម្រុញដល់អាជ្ញាធរដែនដី និងក្រុមការងារចុះ ជួយស្រុកកំពង់ត្រាច ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋដោះស្រាយរាល់សំណូមពរនានារបស់ ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះទឹកប្រើប្រាស់ឡើយ ។ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានចែកជូនទឹកបរិសុទ្ធដល់ប្រជាពលរដ្ឋទាំង៥៥៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានទឹកបរិសុទ្ធ២ធុង ស្មើនឹង៤០លីត្រ និងទឹកស្អាតតាមតម្រូវការជាក់ស្តែង ៕

Kampot 14-5-2016 (1)

Kampot 14-5-2016 (2)