ឯកឧត្តម សុខ ឥសាន បានអះអាងថា បើចង់បំបែកសំឡេងឆ្នោត មានតែផ្លូវម៉្យាង គឺបង្កើតគណបក្ស រួចឈរឈ្មោះបោះឆ្នោត ប្រកួតប្រជែង


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP)   បានអះអាងថា បើចង់បំបែកសំឡេងឆ្នោត មានតែផ្លូវម៉្យាង គឺបង្កើតគណបក្ស រួចឈរឈ្មោះបោះឆ្នោត ប្រកួតប្រជែង ទើបជាការត្រឹមត្រូវ តាមគោលការណ៍ប្រជាធិបតេយ្យ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹង តាមរយៈបណ្ដាញទំនាក់ទំនង Telagram នៅថ្ងៃទី២៦មករានេះ ថា”បើចង់បំបែកសំឡេងឆ្នោត មានតែផ្លូវម៉្យាង  គឺបង្កើតគណបក្ស រួចហើយឈរឈ្មោះបោះឆ្នោត ប្រកួតប្រជែងទៅ  ជាការត្រឹមត្រូវ តាមគោលការណ៍ប្រជាធិបតេយ្យ ។ ព្រះរាជាណចក្រកម្ពុជា បើកទូលាយ សិទ្ធិនយោបាយ របស់ប្រជាពលរដ្ឋ អាចបង្កើតគណបក្សនយោបាយ អាចឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោត ដោយបំពេញបែបបទគ្រប់គ្រាន់ ស្របតាមគោលការណ៍ច្បាប់”។

ឯកឧត្តម បន្តថា មន្ត្រីជាន់ខ្ពស់នៃគណបក្សមួយ បានផ្តល់យោបល់ជូនប្រជាជនមួយចំនួន ដែលធ្លាប់គាំទ្រ អតីតបក្សប្រឆាំង ឲ្យទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ២០១៨ ខាងមុខនេះ ក្នុងចេតនាបំបែកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា កុំឲ្យឈ្នះភ្លូកទឹកភ្លូកដី ដែលអាចនាំ ឲ្យដឹកនាំផ្តាច់មុខតែឯង ។ លោកថា ការអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានច្រើនជាការល្អ ដើម្បីប្រជាជនបានអនុវត្តសិទ្ធិ នឹងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន ។ ប៉ុន្តែ ចេតនាចង់បំបែកសំឡេងឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាគឺជាការរំលោភឆន្ទៈរបស់ប្រជាជន។

ឯកឧត្តម បន្ថែមទៀតថា ក្នុងការបោះឆ្នោត ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការបោះឆ្នោតគាំទ្រគណបក្សណាមួយ ដែលលោកពេញចិត្ត គ្មាននរណាមានសិទ្ធិបង្គាប់ បញ្ជាប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សណាមួយបានជាដាច់ខាត។

ឯកឧត្តម សុខ ឥសាន បានថ្លែងបញ្ជាក់ទៀតថា “ដូច្នេះ បើចង់បំបែកសំឡេងឆ្នោត មានតែបង្កើតគណបក្ស ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ទៅជាការល្អ  ដូចសម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់លើកទឹកចិត្តឲ្យអ្នកនយោបាយ បង្កើតគណបក្ស ចូលរួមប្រកួតប្រជែង តាមគោលការណ៏ លទ្ធិប្រជាធិបតេយ្យ ហើយថែមទាំង ចង់បានដៃគូប្រកួតខ្លាំង និងមានសក្តានុពលថែមទៀតផង”៕