ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការស្នើរបស់សមាជិកព្រឹទ្ធសភាអាមេរិក មិនឲ្យទទួលស្គាល់លទ្ធផល គឺជាចេតនាទុច្ចរិត


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើងថា  ការស្នើរបស់សមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួនតូចទៅតំណាងអចិន្ត្រៃយ៍ អាមេរិក នៅអង្គការ សហប្រជាជាតិ (UN) ឲ្យធ្វើអន្តរាគមន៍ ទៅអគ្គស្នងការទទួល បន្ទុកសិទ្ធិមនុស្ស ឲ្យគៀងគរបណ្តាប្រទេសមួយចំនួន មិនឲ្យទទួលស្គាល់លទ្ធផល បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខ គឺជាចេតនាទុច្ចរិត ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងTelagram នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ថា “ការស្នើរបស់ព្រឹទ្ធសមាជិក អាមេរិកមួយចំនួនតូចទៅតំណាងអចិន្ត្រៃយ៍អាមេរិក នៅអង្គការសហប្រជាជាតិ ឲ្យធ្វើអន្តរាគមន៍ទៅអគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យគៀង គរបណ្តាប្រទេស មិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨នេះ គឺជាចេតនាទុច្ចរិត តាមមនោគមន៍វិជ្ជាចក្រព័ត្ត្រ ដែលតាមព្យាបាទ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតរហូត ធ្វើឲ្យអាយ៉ងពួកគេមិន អាចយកឈ្នះបាន ហើយថែមទាំងត្រូវបានរំលាយចោលដោយតុលាការកំពូល និងមេបក្ស ត្រូវចាប់ខ្លួនដោយសារ បទល្មើសសន្និដ្ឋិភាព ជាមួយបរទេស បង្កអំពើប្រទូសរាយ ដល់ ប្រទេសជាតិដែលជាទោសក្បត់ជាតិ”។

ឯកឧត្តម បានបន្តថា ដោយសារចងគំនុំ ទើបពួកគេប្រើឧបាយកលគ្រប់បែប យ៉ាងនិងគ្រប់រូបភាព ដើម្បីតាមព្យាបាទ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពជា បែបនេះ ។ ឯកឧត្តម ថា ឧបាយកលនេះត្រូវបានមើលឃើញ យ៉ាងច្បាស់តាមរយៈការសន្និដ្ឋាន ជាបុរវិនិច្ឆ័យ ទុកជា មុននូវលទ្ធផលបោះឆ្នោតថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តម សុខ ឥសាន បានបន្ថែមទៀតថា តែទោះយ៉ាងណាក្តី បើគ្មានមេក្លោងមួយ មិនទទួល ស្គាល់ ក៏នៅមានប្រទេសជាច្រើន លើសកលលោក ទទួលស្គាល់និងគាំទ្រដែរ ដែលធ្វើឲ្យ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គឺស្របច្បាប់និងប្រជាធិបតេយ្យ ផុស ចេញពីឆន្ទៈ របស់ប្រជាជនកម្ពុជា៕