ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉នទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃ​អាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវថ្ងៃទី ២៨​ខែមករា ឆ្នាំ២០១៨ ។ បានអញ្ចើញចូលរួមជាអធិបតីភាព បញ្ចុះ​បឋមសិលាកសាងអាគារសិក្សា នៅវិទ្យាល័យ​ហ៊ុន សែនឈូក ក្នុងស្រុកឈូក នៃខេត្តកំពត។​​
គម្រោងកសាងអាគារសិក្សានេះ មានបណ្ដោយ​៤៦ម៉ែត្រទទឹង៩​ម៉ែត្រ ធ្វើពីបេតុងនិងឥដ្ឋ ប្រកក្បឿង​កម្ពស់​ពីរជាន់​មាន១០បន្ទប់និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់សម្រាប់សិស្សនិងគ្រូដែល ជាអំណោយ​របស់​ឯកឧត្ដម​បណ្ឌិត ទេសរដ្ឋមន្រ្តី ប៉ែន ស៉ីម៉ន។​
ជាមួយនា​ឱកាសនោះដែរ ឯកឧត្ដម​បណ្ឌិត​ទេសរដ្ឋមន្រ្តី ប៉ែន ស៉ីម៉ន​ក៏បាន ជូននូវថវិកាដល់សិស្ស ចំនួនជាង២៥០០​នាក់ក្នុង​ម្នាក់​១ម៉ឺនរៀល និងបានប្រកាសជួយកសាងបន្ថែម​តាមសំណូមពរសិស្សនិងគ្រូ នូវក្លោងទ្វារមួយ ទីលានបាល់បោះមួយ និងបង្គន់អនាម័យចំនួន​៦ប​ន្ទប់ថែមទៀតផងដែរ។​នេះ​គឺជាអាគារសិក្សាចំនួន​ទី៦៣ជាអំណោយ​របស់​ឯកឧត្ដម​បណ្ឌិត​ប៉ែន ស៉ីម៉ន ដែលបានចូលរួមចំណែកកសាងជាមួយសម្ដេច​តេជោ​ហ៊ុន សែនដែលសម្ដេចតេជោ​បានផ្ដល់ជូន​សម្រាប់​កូនចៅប្រជាពលរដ្ឋ​ខេត្តកំពត​បានចូលសិក្សាសមរម្យរាប់រយខ្នងផងដែរ។​
មានប្រសាសន៍​សំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​។​ ​ឯកឧត្តម បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន​ស៉ី​ម៉ន បានគូសបញ្ជាក់លើកឡើងថា៖ ការកសាងធនធានមនុស្ស គឺជាការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ជាតិនិងកាត់​បន្ថយបានភាពក្រីក្ររបស់ប្រជាជន។​
ដោយមានទស្សនៈវិស័យនៃ ការងារបណ្ដុះបណ្ដាលធនធាន​មនុស្ស​ដ៏មាន​សារៈសំខាន់​នេះ។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ​ហ៊ុន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សម្ដេច​តេជោហ៊ុន សែន តែងបានខិតខំកសាងសាលា ជូនកូនចៅប្រជាពលរដ្ឋបានចូលសិក្សានៅទូទាំង​ប្រទេស រាប់ពាន់ខ្នង អាគារ​សិក្សា។ ពិសេសនៅ ក្នុងខេត្ត​កំពត​អំណោយអាគារសិក្សារបស់សម្ដេចតេជោ ហ៊ុន សែន មានរាប់រយខ្នង​ផងដែរ។
ឯកឧត្តម​បណ្ឌិត​ប៉ែន ស៉ីម៉ន បាន បញ្ជាក់ដែរថា ៖អំណោយក្រៅពីអាគារសិក្សាក៏នៅមានជាអំណោយសមិទ្ធិផលនានាជាច្រើនទៀតបម្រើអោយទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលឯកឧត្តមបានជួយកសាងព្រមទាំងបានជួយផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្របានប្រមាណជាង៣០០០នាក់ថែមទៀតផងដែរទាំងក្នុងឧត្តមសិក្សានិងក្រោយឧត្តមសិក្សានៅក្នុងខេត្តកំពត។​
ឯកឧត្តមបណ្ឌិត​ប៉ែន ស៉ី​ម៉ន​ក៏បានលើកបញ្ជាក់​អំពីសក្ដានុពល​វិស័យសេដ្ឋកិច្ច​និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពត មានលក្ខណៈអំណោយផលសម្បូណ៌បែប។​ដែលទាំងនេះបាន បម្រើអោយជីវភាពនិងការរស់នៅរបស់ប្រជាជន បានកាន់តែប្រសើរឡើងទៅអនាគត។ ដូចនេះ​ឯកឧត្ត​ម ក៏បានផ្ដាំផ្ញើ​ដល់សិស្សានុសិស្សអោយខិតខំព្យាយាម​សិក្សារៀនសូត្រ ចាប់យកអោយបាននូវលទ្ធផលល្អ​ដើម្បីក្លាយខ្លួនជាពលរដ្ឋប្រកបដោយសមត្ថភាពចំណេះដឹង​ចំណេះធ្វើ ដើម្បីរួមចំណែក​កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិអោយកាន់តែសម្បូណ៌រុងរឿងថែមទៀតទៅអនាគតជាមួយរាជ​រដ្ឋាភបាល​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ​ហ៊ុនសែន​ជាប្រមុខ។​