ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ហ្គ្រីនលីដឌ័រកម្ពុជា


នៅរសៀលថ្ងៃច័ន្ទ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding,MOU) រវាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ហ្គ្រីនលីដឌ័រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អមដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត។
សូមបញ្ជាក់ថា MOU នេះមានគោលបំណងពង្រឹងកិច្ចសហការលើការអនុវត្តផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍវិស័យផលិតកម្មដំឡូងមីក្នុងខេត្តដែលមានសក្តានុពលដូចជាខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន ខេត្តកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ។ល។ ដែលនឹងគ្រោងធ្វើការដាំដុះលើផ្ទៃដីគំរូ ជិតពីរម៉ឺនហ.ត។ លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ជូនជ្រាបថា ក្រុមហ៊ុននឹងអនុវត្តកិច្ចសន្យាកសិកម្ម (contract farming) ជាមួយដៃគូអ្នកផលិត ឬកសិករតាមរយៈការផ្តល់ទុន ពូជ ជី និងបច្ចេកទេសដាំដុះ រួចប្រមូលទិញមកវិញនូវផលិតផលក្នុងតម្លៃឯកភាពតាមខ្លឹមសារនៃកិច្ចសន្យា។ លោកបានបន្តទៀតថាក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីគម្រោងចាប់ផ្តើមក្រុមហ៊ុននឹងធ្វើការសាងសង់រោចក្រកែច្នៃចំនួន៣ ហើយក្នុងរយៈពេល៥ឆ្នាំនៃគម្រោងនឹងសាងសង់រោងចក្រកែច្នៃចំនួន២០ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយសន្យាប្រមូលទិញផលិតផលដំឡូងមីមួយចំនួនធំ ហើយនឹងអាចកាត់បន្ថយការហូរចេញដំឡូងមីស្រស់ទៅកាន់ប្រទេសជិតខាង។ គម្រោងនេះនឹងជួយបង្កើនតម្លៃបន្ថែមឲ្យផលិតផលនេះតាមរយៈការកែច្នៃរួចនាំចេញទៅកាន់ទីផ្សារចិននិងអន្តរជាតិ ហើយចំពោះផលិតករដែលនឹងសហការចូលរួមក្នុងគម្រោងការធ្វើកសិកម្មតាមកិច្ចសន្យាអាចនឹងទាញយកប្រយោជន៍តាមរយៈការបង្កើនផលិតភាពផលិតកម្មដំឡូងមីទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមស្តង់ដារទីផ្សារនាំចូល ដោយសារការអនុវត្តបច្ចេកទេសថ្មីដូចជាការជ្រើសរើសពូជ ការគ្រប់គ្រងនិងប្រើប្រាស់ដីឲ្យបានសមស្របតាមក្សេត្របរិស្ថាន ស្ថានភាពនិងគុណភាពដី ការការពារជំងឺ ការអនុវត្តបច្ចេកវិទ្យាក្រោយពេលប្រមូលផល ការកែច្នៃដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យបំផុតក្នុងការកែច្នៃម្សៅដំឡូងមី។ បច្ច័យទាំងអស់នេះគឺជាដើមទុនឬជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ធ្វើការប្រកួតប្រជែងគុណភាពម្សៅដំឡូងមីរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។