ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពី អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន


នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន អមដំណើរដោយឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណនិងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមកាហ្ស៊ូយូគី ណាកាណេ អង្គការJICA និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រ និងការរិតចំណងមិត្តភាពដើម្បីជួយកសាងអនាគតល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម កាហ្ស៊ូយូគី ណាកាណេ និងឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងបានពិភាក្សាអំពីការផ្តល់ជំនួយនិងការគាំទ្របន្តពី រដ្ឋាភិបាលជប៉ុនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅច្រករបៀបភាគខាងត្បូងដែលរួមមាន៖ ផ្លូវជាតិលេខប្រាំ និងផ្លូវជាតិលេខ១ ការអភិវឌ្ឍកំពង់ផែ ក្រុងព្រះសីហនុ ការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ការអភិវឌ្ឍបន្តនូវ ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អុយរបស់រាជធានីភ្នំពេញ និងគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារ កម្មកម្ពុជា។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយនិងការគាំទ្រលើការ ពង្រឹងសមត្ថភាពថែទាំនិងជួលជុលផ្លូវថ្នល់របស់ក្រសួង តាមរយៈផ្តល់ការថែទាំជួសជុលផ្លូវថ្នល់ឱ្យមាន គុណភាពល្អ ការបញ្ចប់គម្រោងស្ថានីយពហុគោលបំណង និងគម្រោងអភិវឌ្ឍស្ថានីយ៍កំពង់ផែកុងតឺន័រកំពង់ផែសមុទ្រទឹកជ្រៅថ្មី។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីជប៉ុនជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគបន្ថែមទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជួយពន្លឿនការសិក្សាគម្រោង AGTដើម្បីជួយរំដោះការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ និងផ្តល់អ្នកជំនាញបច្ចេកទេសដើម្បីគាំទ្រ ដល់ការដាក់ឱ្យដំណើរការប្រព័ន្ធEDIកំពង់ផែ និងប្រតិបត្តិការសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាហែលទឹកខ្មែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលជប៉ុនផ្តល់គ្រូបង្វឹកហែលទឹកជំនាញដើម្បីបង្វឹកកីឡាករហែលទឹកកម្ពុជា និងជួយឧបត្ថម្ភកីឡាករហែលទឹកកម្ពុជា មួយចំនួនទៅហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីត្រៀមខ្លួនប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ និងអាស៊ានហ្គេមនៅឆ្នាំ២០២៣។