ការស្តារឡើងវិញប្រឡាយមេភូមិរាំង ជំហានទី ២ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ


ការស្តារឡើងវិញប្រឡាយមេភូមិរាំង ជំហានទី ២ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងធនធានទឹក​ និងឧតុនិយម ចាប់ដំណើរការបើកការដ្ឋានហើយ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ។ ការស្តារឡើងវិញជំហានទី ២ នេះ គឺមានប្រវែង ៣.០០០ ម៉ែត្រ និងមានបំពាក់នូវសំណង់សិល្បការ សរុបចំនួន ០៦ កន្លែង ។ ក្រោយស្តាររួច ប្រឡាយមេភូមិរាំង ជំហានទី ២ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣៩២ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣៣ ហិកតា នៅក្នុងឃុំជង្រុក និងឃុំស្នំក្រពើ ស្រុកគងពិសី ។