ឯកឧត្តម លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រព្រែកជីក


រសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រព្រែកជីក ស្ថិតក្នុងស្រុករុក្ខគិរី និងស្រុកមោងឫកស្សី ខេត្តបាត់ដំបង ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលក្រុមហ៊ុនសាងសង់សម្រេចបាន និងបានណែនាំឱ្យបន្តយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាាឱ្យសមិទ្ធផលការងារដែលអនុវត្តបាន មានគុណភាពល្អ ធានានូវការប្រើប្រាស់យូរអង្វែង ។

គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រព្រែកជីក ត្រូវបានចាប់ដំណើរការបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ ដោយមានទំហំការងារ ៖
– ស្តារប្រឡាយមេ ០១ ខ្សែ ប្រវែង ២៧.០៦០ ម៉ែត្រ
– ស្តារប្រឡាយរង ៤ ខ្សែ ប្រវែង ៣០.១៩៥ ម៉ែត្រ
– ស្តារប្រឡាយដោះទឹក ២ ខ្សែ ប្រវែង ១៨.៦២៤ ម៉ែត្រ
– ស្តារ និងជីកថ្មីប្រឡាយជើងក្អែប ៣៩ ខ្សែ ប្រវែង ២៨.១០០ ម៉ែត្រ
– សាងសង់សំណង់ថ្មី ចំនួន ៨៧៣ កន្លែង
– ជួសជុលសំណង់ចាស់ ចំនួន ៧០ កន្លែង
– សាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង ។
មកដល់ពេលបច្ចុប្បន្ន ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រព្រែកជីក សម្រេចលទ្ធផលបានប្រមាណ ៦៣ % ហើយ ។ ក្រោយពេលសាងសង់រួច ប្រព័ន្ធនេះ នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែរបស់បងប្អូនប្រជាកសិករ បានប្រមាណ ២០.៨០០ ហិកតា ។

បើទោះបីជា ប្រព័ន្ធធារាសាស្ត្រ ព្រែកជីក មិនទាន់បានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែបច្ចុប្បន្ន ប្រព័ន្ធមួយនេះ បាន និងកំពុងផ្តល់នូវអត្ថប្រយោជន៍ជាបណ្តើរៗ ដល់បងប្អូនប្រជាកសិករក្នុងតំបន់ ។