ឯកឧត្តម វ៉ី សំណាង ចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨


ភ្នំពេញ​ នាព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨​ ដែលពិធីបើកសន្និបាតនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម​សេនីយ៍​ កែ​ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន។

សន្និបាតការងារខាងលើ នឹងមានការចូលពីសំណាក់ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គស្នងការនគរបាលជាតិ​ អគ្គលេខាធិការ អគ្គនាយក​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល​-អភិបាលរងរាជធានី-ខេត្ត​ អភិបាលក្រុង​-ស្រុក​ជាប់ព្រំដែន​ និងព្រះរាជអាជ្ញា​ ដែលជាអនុប្រធាន​ សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ និងគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ តំណាងស្ថានទូត​ អង្គការជាតិ-អន្តរជាតិ​ សរុបជាង៥០០នាក់ ។
គួរបញ្ជាក់ផងដែរ នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕