ឯកឧត្តម សុខ ឥសាន បានថ្លែងថា អតីតបក្សប្រឆាំងនេះ គ្មានដើមទុនអ្វីឲ្យបក្សកាន់អំណាចទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន ដែលមានសកម្មភាពយ៉ាងផុសផុលក្នុងការឆ្លើយតប ទៅលើអតីតគណបក្សសង្រ្គោះជាតិនោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងថា អតីតបក្សប្រឆាំងនេះ គ្មានដើមទុនអ្វីឲ្យបក្សកាន់អំណាចទេ។

ការថ្លែងរបស់ឯកឧត្តមនេះ បន្ទាប់ពីអ្នកអត្ថាធិប្បាយនយោបាយ វិទ្យុអស៊ីសេរីម្នាក់បានពិព៌ណ័នាថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកមេដឹកនាំអតីតបក្សប្រឆាំង ធ្វើជាដើមទុននយោបាយរបស់ខ្លួន ។

ឯកឧត្តមថា “ដូច្នេះមេដឹកនាំអតីតបក្សប្រឆាំងគ្មានដើមទុនឯណាមកឲ្យបក្សកាន់អំណាចនោះទេ។  តាមពិតអតីតបក្សប្រឆាំង រកស៊ីខាតខ្លួនឯងផ្ទាល់”។

ឯកឧត្តមបន្តថា តាមពិតដើមទុននយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺខិតខំបម្រើជាតិមាតុភូមិ និងប្រជាជន តាមរយៈការកសាងសមិទ្ធផល គុណសម្បត្តិផ្សេងៗ ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន ។ គ្មានហេតុផលណា និងគ្មានប្រយោជន៍អ្វីយកអតីតបក្សប្រឆាំង និងក្រុមមេដឹកនាំអតីតបក្សប្រឆាំងនេះ មកធ្វើដើមទុនឡើយ ពីព្រោះជាដើមទុនស្អុយគ្មានខ្លឹមសារ ។

ឯកឧត្តម សុខ ឥសាន បន្ថែមថា បញ្ហាដែលកើតឡើងកន្លងទៅរហូតដល់រំលាយអតីតប្រឆាំងនេះ និងបាត់នីតិសម្បទាធ្វើនយោបាយ ដោយសារទង្វើល្មើសច្បាប់ធ្ងន់ធ្ងររបស់ពួកគេរហូតហ៊ាន ឃុបឃិតសន្និដ្ឋិភាពជាមួយបរទេសក្បត់ជាតិទៀតផង ដែលត្រូវតែទទួលខុសត្រូវខ្លួនឯងគ្មាននរណាទទួលជំនួសទេ ៕