ភាគីឡាវ ចង់ដឹងពីរបៀបគ្រប់គ្រងរបស់ cpp និងការដាក់ពិន័យទៅលើមន្រ្តីខ្លួន


ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) គឺជាគណបក្សកាន់អំណាច អស់រយៈពេលជិត៤០ឆ្នាំហើយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំនោះ បានកំពុងមានឥទ្ធិពលយ៉ាងខ្លាំង ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែមានភាពខ្លាំង របស់ គណបក្សប្រជាជនកម្ពុជានេះហើយ បានធ្វើឲ្យអនុប្រធានអាជ្ញាធរអធិការ និងប្រឆាំងអំពើពុករលួយឡាវ លោក ស៊ីណាយ មៀង ឡាវ៉ាន់ ចង់ដឹងពីរបៀបគ្រប់គ្រង និងការដាក់ពិន័យទៅលើមន្រ្តីខ្លួន ដែលបានប្រព្រឹត្តកំហុសឆ្គង នាពេលកន្លងមក។

លោក ស្រីម៉ែន សុភារី សមាជិកគណៈកម្មាធិកាកណ្ដាល និងជាសមាជិក គណៈកម្មាធិការត្រួតពិនិត្យ នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រោយជំនួប រវាង លោក នៃ ប៉េណា ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្ដាល CPP និងលោក ស៊ីណាយ មៀង ឡាវ៉ាន់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ថា “ជំនួបរវាងកម្ពុជា និងឡាវនេះ ចង់ពិភាក្សាការងារ២ចំណុច គឺភាគីឡាវចង់ដឹងពីការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តកន្លងមក និងឡាវចង់ដឹងពីមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បានធ្វើខុសឆ្គងកន្លងមក តើត្រូវអនវត្តន៍បែបណា ចំពោះមន្រ្តីបែបនេះ”។

លោកស្រីបានបន្តទៀតថា ការងារត្រួតពិនិត្យ ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើកន្លងមក អនុវត្តន៍តាមគោលនយោបាយ សារាចរណ៍ក្ដីកំណាញ់ចិត្ត ដល់មន្រ្តីថ្នាក់ក្រោម ដែលមានការខុសឆ្គងពីមុនមក។

លោកស្រីបញ្ជាក់ថា រូបភាពវិន័យដែលគណបក្ស បានអនុវត្តន៍កន្លងមក មាន៥ តែបច្ចុប្បន្នមានតែ៣ទេ រួមមាន៖ រូបភាពវិន័យ គឺស្ដីបន្ទោស , ដកតួនាទី និងបណ្ដេញចេញ ។ សម្រាប់អង្គការចាត់តាំងវិញ បច្ចុប្បន្នមានស្ដីបន្ទោស និងរំសាយ។ ក្នុងឱកាសនោះដែរ ភាគីឡាវ ក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនស្ទើរគ្រប់វិស័យ របស់កម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕