ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានា ជូនប្រជាពលរដ្ឋនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម


(ព្រៃឈរ, ខេត្តកំពង់ចាម) ៖ ដើម្បីទុកជាចំណងដៃក្នុងឱកាសឆ្នាំថ្មី ២០១៨ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានដាក់សម្ពោធផ្លូវលំក្រាលដីគ្រួសក្រហម ១ខ្សែ ប្រវែង ២,៤៥០ម៉ែត្រ ក្លោងទ្វារវត្តចំនួន ២ (ក្នុង និងក្រៅ) ដងទង់១គូ និងកុដិ១ ព្រមទាំងសមិទ្ធិផលថ្មីៗមួយចំនួនទៀត។

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផល ដែលរៀបចំឡើងក្នុងនៅវត្តពោធិមង្គល (មេមាំង) ឃុំល្វា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនសមាជិក-សមាជិកា និងប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលបានដឹកនាំនាវាកម្ពុជា មកដល់ត្រើយសន្តិភាព និងភប់ប្រសព្វជាមួយវឌ្ឍនភាពដូចបច្ចុប្បន្ន។

«សមិទ្ធិផលថ្ងៃនេះ គឺពុំមែនកើតឡើងដោយចៃដន្យនោះឡើយ គឺបានដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការ គណៈកម្មាធិការវត្ត ប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយចូលរួមកសាង ហើយអ្វីដែលមិនគួរមើលរំលងនោះ គឺបរិយាកាសនៃសុខសន្តិភាព ដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ដែលនៅក្នុងគ្រានោះ វីរៈជនស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា ត្រូវប្រឈមនឹងបញ្ហាលំបាកគ្រប់បែបយ៉ាង ដោយសារដៃម្ខាងត្រូវខិតខំកសាងប្រទេសពីបាតដៃទទេរ ហើយដៃម្ខាងទៀតត្រូវខិតខំការពារមិនឲ្យរបប ប៉ុល ពត វិលត្រលប់មកវិញ។

«ជាភ័ព្វល្អ យើងមានមេដឹកនាំប្រកបដោយគតិបណ្ឌិតគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃយុទ្ធសាស្ត្រឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ ប្រែក្លាយទៅជាដែនដីពោរពេញដោយសុខសន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាព ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ កន្លងមកហើយ» ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍។

«ដោយឡែក កសិផលឆ្នាំនេះ ក៏មានទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ តាមរយៈការពង្រីកទីផ្សារនាំចេញ ដែលមានក្រសួងពាណិជ្ជកម្ម និងរូបខ្ញុំបាទជារដ្ឋមន្ត្រី។ ទាំងនេះគឺជាសមិទ្ធិផល ដែលបងប្អូនប្រជាពលរដ្ឋយើងប្រាកដជាមើលឃើញ និងទទួលបាន» ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងបន្ថែម។

គួររំលឹកដែរថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រុមការងារចុះពង្រឹងឃុំល្វានៃស្រុកព្រៃឈរ បានចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងឃុំ និងលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងនោះក្រុមការងារ បានជួយឧបត្ថម្ភស្រ្តីឆ្លងទន្លេ ម្នាក់ ១០ម៉ឺនរៀល ចំនួន ១៦០នាក់ និងគ្រួសារសពមួយគ្រួសារ ២០ម៉ឺនរៀល ចំនួន ៣៥គ្រួសារ។ លើសពីនេះ ក្រុមការងារក៏បានជួយដល់ជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រពន្ធ័ផ្លូវថ្នល់ ជីកប្រឡាយទឹក កសាងសាលារៀន និងវត្តអារាម គិតជាថវិកាសរុបប្រមាណ ៤៨៣ពាន់លានរៀល។ ដោយឡែកផ្លូវមួយខ្សែ ដែលទើបនឹងដាក់សម្ភោធថ្ងៃនេះ ក្រុមការងារក៏បានចំណាយថវិកាប្រមាណជាង ១ម៉ឺនដុល្លារ ដើម្បីជួសជុលកែលំអរផងដែរ៕