សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលស្ពាននេះមានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្នា»។ស្ពានដែលត្រូវសាងសង់នេះគឺចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ដែលត្រូវចំណាយគ្រោងចំណាយថវិកា ចំនួន ៥៦, ៩៩៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលស្ពានថ្មីមួយនេះ ដែលកើតមានឡើងក្នុងស្រុកកំណើតរបស់សម្តេចផ្ទាល់និងជាជំនួយរបស់មិត្តចិន។ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្នានេះ គឺស្ពានទី៨ហើយដែលកន្លងមកមិត្តចិនបានជួយសាងសង់ស្ពាន នៅកម្ពុជាចំនួន៧រួច ហើយដូចជា ស្ពានស្ពានកោះធំនៅខេត្តកណ្តាល ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានព្រែកសំរោងក្រុងតាខ្មៅ។ហើយស្ពានដែលកំពុងបើកការដ្ឋាននេះ មិនមែនជាស្ពានចុងក្រោយទេ រាជរដ្ឋាភិបានត្រូវការស្ពានឆ្លងកាត់ទន្លចំនួន៣ទៀត ទី១)ស្ពានឆ្លងកាត់ទន្លេសាបជ្រោយចង្វារ ទី២)ឆ្លងកាត់ទន្លសាប ស្វាយជ្រុំ ទី៣) ស្ពានទន្លសាបក្តីតាកុយ សំរាប់បំរើរសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចពោះ រដ្ឋាភិបាល និងប្រជាជនចិនដែលកន្លងមកតែង តែជួយមកដល់ប្រទេសកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅក្នុងប្រទេស កម្ពុជា។ ទំនាក់ទំនងជាមិត្តភាព រវាង កម្ពុជា និងចិន កាន់តែមានភាពជិតស្និទ្ធិ និងរឹងម៉ាំទ្វេរឡើង។ នៅឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបានទទួលភ្ញៀទេសចរណ៍ចិនមានប្រមាណ១លាន ២សែននាក់ ហើយនឹងអាចទទួលបានបានភ្ញៀវទេសចរណ៍ចិន២លាននាក់ក្នុងឆ្នាំនេះ ផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថាប្រជាពលរដ្ឋនៅទៅនេះពិតជាមានការលំបាកក្នុងការរស់នៅនៅពេលដែលមិនទាន់មានស្ពាន ពីព្រោះពេលដែលគាត់ត្រូវឆ្លងកាត់នៅត្រើយម្ខាង គឺត្រូវឆ្លងសាឡាង និងត្រូវចំណាយលុយកាក់យ៉ាងច្រើនផងដែរ។ ក៏ប៉ុន្តែនៅពេលដែលពួកគាត់ទទួលបានស្ពានថ្មីនេះគឺពួកគាត់នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹងជញ្ជូនទំនិញកសិផល និងការទំនាក់ទំនងគ្នាកាន់តែមានភាពល្អប្រសើរឡើង។

ទន្ទឹមនឹងការទទួលបាននូវសមិទ្ធស្ពាន និងផ្លូវល្អហើយនោះ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយ មានការប្រុងប្រយ័ត្ន ជាពិសេសពេលស្រវឹងកុំបើកបរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម ទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយបន្ទាប់មក សម្តេចតេជោ បានអញ្ជើញចុចប៊ូតុង និងបញ្ជាគ្រឿងចក្រជានិមិត្តរូបបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្នា ចាប់ពីថ្ងៃនេះតទៅ៕