ឯកឧត្តម សុខ ឥសាន បានលើកឡើងថា “បើអ្នកចាញ់ ប្រកួតនៅតែចាញ់ទៀត គេឈប់ឲ្យប្រកួតទៀតហើយ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២កុម្ភៈនេះបានលើកឡើងថា ការប្រកួតប្រជែងនយោបាយ ឬការប្រកួតកីឡា  បើគូប្រកួតចាញ់ម្តងហើយ តាមច្បាប់កីឡា គេអាចឲ្យអ្នកចាញ់ ប្រកួតសងសឹកតែមួយប្រកួតទេ ប៉ុន្តែអ្នកប្រឆាំងនៅកម្ពុជា ដែលធ្វើសកម្មភាពបង្កអំពើប្រទូសរ៉ាយ ដល់ប្រទេសជាតិមុខដដែលៗ ។

ឯកឧត្តម សុខ​ ឥសាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គម តេលេក្រាមថា”បើអ្នកចាញ់ ប្រកួតនៅតែចាញ់ទៀត គេឈប់ឲ្យប្រកួតទៀតហើយ ។ បើសិនជាមាន់ជល់វិញ បើប្រកួតពីរប្រកួតហើយនៅតែចាញ់ អាមាន់ដែលចាញ់នោះ ត្រូវគេយកទៅស្ងោរជ្រក់ស៊ីបាត់ទៅហើយ មិនទុកឲ្យនៅប្រកួតចាញ់ទៀតទេ នាំខ្មាស់គេទេ “។

ឯកឧត្តម បានលើកឡើងបន្ថែមថា”ប៉ុន្តែចម្លែកអីតែនៅស្រុកខ្មែរ ទាំងទណ្ឌិត សម រង្សី ទាំងជនជាប់ចោទក្បត់ជាតិ កឹម សុខា ព្រមទាំងក្រុមជនមួយចំនួនទៀត នៅក្នុងជួរ អតីតបក្សប្រឆាំង ដែលមានភ័ព្វសំណាង បានចូលមកក្នុងស្រុកខ្មែរ ធ្វើនយោបាយ តាំងពីឆ្នាំ ១៩៩៣មក រហូតដល់ពេលនេះជាង២០ឆ្នាំ ហើយចាញ់រហូតចាញ់រហូត ដល់រលាយបក្សខ្លួនទៅទៀត តែនៅតែមុខក្រាស់នៅតែ ទាមទារឈរឈ្មោះប្រកួតប្រជែង បោះឆ្នោតទៀត ដែលប្រជាជនមិនគាំទ្រ ហើយនៅតែឈរឈ្មោះដដែលៗ មិនចេះខ្មាស់គេ បើថាចាញ់ម្តង ពីរដងក៏មិនថាដែរ នេះចាញ់រហូត ដល់រលាយបក្សខ្លះតែនៅតែរត់ទៅបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះស្អីនោះ ទៀត ។ ខ្លួនឯងសង្គ្រោះស្អី សង្គ្រោះតែខ្លួនឯងមិនបានផង ទោះបីចៅហ្វាយនាយនៅលើពិភពលោក ២- ៣នាក់ ខិតខំជួយស្តារមុខមាត់យ៉ាងណា ក៏មិនអាចជួយបាន ព្រោះជាជនមានពូជពង្សក្បត់ជាតិ និងជាជនក្បត់ជាតិ ស្តារមិនបានឡើយ “។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្តថា”វាជាការគួរឲ្យហួសចិត្តណាស់ បែរជាពួកចាញ់ មកថ្នាំងថ្នាក់នឹងអ្នកឈ្នះ មានការគាំទ្រពីប្រជាជនទៅវិញ ឯខ្លួនឯងចាញ់ ចាញ់ហៅមិនឮ បែរចង់ក្រាញចង់បានអំណាច ដែលប្រជាជនមិនគាំទ្រនោះ ។ ហើយនៅមិននៅ បែរជាអាអ្នកចាញ់ ដែលមានអាយុ ជិត ៧០ ឆ្នាំទៅហើយ មកបបួលអ្នកឈ្នះ ឈប់ធ្វើនយោបាយត្រឹមអាយុ ៦៥ ឆ្នាំទៅវិញ ។ បើអាយុ៧០ឆ្នាំទៅហើយម៉េចមិនឈប់ធ្វើសកម្មភាពបង្កអំពើប្រទូសរ៉ាយដល់ប្រទេសជាតិកម្ពុជាទៅ នៅមករកងាប់អីទៀត “៕