ឯកឧត្តម សុខ ឥសាន បានឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ៦ចំណុច ថា


ភ្នំពេញ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ៦ចំណុច ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងច្បាប់ របស់សមាជិកព្រឹទ្ធសភា អាមេរិក ដែលថានឹងបន្តឹងដាក់ទណ្ឌកម្ម មកលើរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម សុខ ឥសាន បានសរសេរ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៨ថា តបទៅលោកសម រង្ស៊ី ៦ចំណុចរួមមាន៖
១- សេចក្តីព្រាងច្បាប់សំដៅដាក់ទណ្ឌកម្ម មកលើរាជរដ្ឋាភិបាលកម្ពុជា ផ្តួចផ្តើមដោយព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ហើយនៅត្រូវឆ្លងនីតិវិធីវែងឆ្ងាយ ច្រើនទៀតទម្រាំបានអនុម័ត ។

២- ការមិនចង់ឲ្យរដ្ឋាភិបាលអាមេរិកពិភាក្សាពីបញ្ហាបំណុលកម្ពុជាដែលមានតាំងពីសម័យសង្គ្រាមឆ្លុះបញ្ចាំងឲ្យឃើញថា ព្រឹទ្ធសមាជិកប៉ុន្មានរូបនោះ គ្មានសីលធ៌ម មនុស្សធ៌ម និងសិទ្ធិមនុស្សអ្វីបន្តិចសោះ ទំលាក់គ្រាប់លើកម្ពុជាហើយ តម្រូវឲ្យកម្ពុជាសងទៀត? គួរឲ្យហួសចិត្តណាស់ ។

៣- ការចង់បង្កកទ្រព្យសម្បត្តិ លុយកាក់របស់មន្ត្រីកម្ពជា អត់មានប្រសិទ្ធភាពទេ ដោយសារ មន្ត្រី CPP និងមន្ត្រីរាជរដ្ឋាភិបាលគ្មានប្រាក់ឯណារាប់លានយកទៅ ទុកនៅក្រៅប្រទេសឲ្យគេរឹបអូសទេ ។ ដូច្នេះគ្មានរឿងអីត្រូវព្រួយបារម្ភ ឬភិតភ័យទេ ។

៤- ការហាមមិនឲ្យចូលទៅជាន់ទឹកដីអាមេរិកក៏មិនឈឺក្បាល វិលមុខអីដែរ អ្នកដែលមិនបានទៅអាមេរិកមានដែលស្លាប់ឯណា? ហើយអ្នកដែលបាននិងកំពុងរស់នៅក្នុង អាមេរិកមានជីវិតអមតឯណា ?
៥- ការប៉ុនប៉ងបិទទីផ្សារនាំចូលទំនិញពីកម្ពុជាហួសពេលហើយ ព្រោះក្រុមហ៊ុនបញ្ជាទិញបានចុះកិច្ចសន្យាទិញរួចហើយ បើមានបិទមែន នោះនឹងមានប្រតិកម្មពីក្រុមហ៊ុនបញ្ជាទិញជាមិនខាន ។

៦- ព្រឹទ្ធសភាអាមេរិក និង សភាអឺរ៉រុប មិនមែនចេះតែបញ្ជារដ្ឋាភិបាល បណ្តាប្រទេសក្នុងសហគមន៏អឺរ៉ុបបានតាមចិត្តនោះទេ ។

ឯកឧត្តមបន្តថា “ដូច្នេះ ការប៉ុនប៉ងប្រកបដោយអមនុស្សធម៌ អសីលធម៌ របស់ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចនោះ មិនងាយនឹងបានសម្រេចផលតាមចិត្តចង់ដែលដោយសារតែកាន់ជើងអាយ៉ងធ្វើបដិវត្តន៍ពណ៌បរាជ័យហើយចង់ឲ្យរស់ឡើងវិញ បានរស់នោះទេ” ។

ការលើកឡើងរបស់អ្នកនំាពាក្យបក្សកាន់អំណាចបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមថា ច្បាប់ថ្មីនឹងត្រូវអនុម័តពេលឆាប់ៗខាងមុខ ដោយព្រឹទ្ធសភា អាមេរិក នឹងតម្រូវឲ្យរដ្ឋាភិបាលអាមេរិករឹតបន្តឹងទណ្ឌកម្មមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ។

សេចក្ដីស្នើច្បាប់ដែល លោក សម រង្ស៊ីលើកឡើងនេះ ផ្តោតលើការទទួលខុសត្រូវរបស់កម្ពុជា និងការវិលមកវិញនៃពាណិជ្ជកម្មឆ្នាំ២០១៨ នឹងបន្តមានសុពលភាព រហូតដល់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ ៕

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកអ្នកដែលស្តាប់ ការមានប្រសាសន៍សំណេះសំណាល របស់សម្តេចនាយករដ្ឋមន្ត្រី ហើយមិនទះដៃជាជនក្បត់ជាតិនោះទេ សម្តេចតេជោតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមបណ្ដាញទំនាក់ទំនង សង្គមតេលេក្រាមថា” មាត្រា ៣១ និង មាត្រា ៤១ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានគោរពសិទ្ធិ និង សេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការសរសេរ ការនិពន្ធ ការបោះពុម្ពផ្សាយ ការផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិចត្រូនិក មានវិទ្យុ ទូរទស្សន៏ ប្រព័ន្ធព័ត៌មានសង្គម ។ល។ និង។ល។  ក៏ប៉ុន្តែ រាល់ការបញ្ចេញមតិខាងលើ ត្រូវមិនឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃ ដល់ទំនៀមទំលាប់ល្អ របស់ប្រជាជន និងជាតិ និងមិនត្រូវឲ្យប៉ះពាល់ ដល់សន្តិសុខជាតិឡើយ” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្តថា “ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៏និងលើកទឹកចិត្ត ព្រមទាំងទទួលយកមកពិចារណា។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានជាដាច់ខាតចំពោះទង្វើ និងការជេរប្រមាថ ការជេរបញ្ចោរ ដែលផ្ទុយពីសិទ្ធិនិងសេរីភាព បញ្ចេញមតិដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ  ។ ជនដែលជេរប្រមាថ ញុះញង់ឲ្យមានការ រើសអើង បែកបាក់សាមគ្គីជាតិ ត្រូវតែទទួលខុសត្រូវចំពោះ ទង្វើអវិជ្ជមានរបស់ខ្លួន ។ ទោះទៅដល់ទីណា ក៏ត្រូវតែតាមយកមកឲ្យទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន ។ ដូចករណីស្ត្រីឈ្មោះ សំ សុខា ជាដើម ដែលបានប្រមាថថ្នាក់ដឹកនាំ កំពូលរបស់ជាតិ មិនអាចឲ្យរួចខ្លួន ដោយងាយឡើយ។នេះគឺជាការអនុវត្តច្បាប់ និងការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ កុំឲ្យជនអគតិឆ្លៀតប្រើប្រាស់ដោយបន្លំ និងជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនិង នីតិរដ្ឋ នៅកម្ពុជា ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាពសាធារណសង្គមឲ្យរឹងមាំ សម្រាប់ផលប្រយោជន៏របស់ប្រជាជនកម្ពុជាទូទៅ” ។

ឯកឧត្តមបានបន្ថែមថា “ការមានវិធានការណ៍ ផ្លូវច្បាប់ចំពោះបណ្តាជនរំលោភ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវបាន ជនអគតិមួយចំនួនវាយប្រហារថាជាការរឹតបន្តឹង និងបិទសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ ។ ការនិយាយនេះ គឺជាការនិយាយបន្លំ បំភាន់មតិសាធារណៈ របស់មហាជនឲ្យយល់ច្រឡំ ហើយវាគ្រាន់តែចូលដៃចូលជើងលើកទឹកចិត្ត ឲ្យជនល្មើសច្បាប់កាន់តែ ប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ”៕