ឯកឧត្តម សុខ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកអ្នកដែលស្តាប់ ការមានប្រសាសន៍សំណេះសំណាល របស់សម្តេចនាយករដ្ឋមន្ត្រី ហើយមិនទះដៃជាជនក្បត់ជាតិនោះទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកអ្នកដែលស្តាប់ ការមានប្រសាសន៍សំណេះសំណាល របស់សម្តេចនាយករដ្ឋមន្ត្រី ហើយមិនទះដៃជាជនក្បត់ជាតិនោះទេ សម្តេចតេជោតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមបណ្ដាញទំនាក់ទំនង សង្គមតេលេក្រាមថា” មាត្រា ៣១ និង មាត្រា ៤១ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានគោរពសិទ្ធិ និង សេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការសរសេរ ការនិពន្ធ ការបោះពុម្ពផ្សាយ ការផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិចត្រូនិក មានវិទ្យុ ទូរទស្សន៏ ប្រព័ន្ធព័ត៌មានសង្គម ។ល។ និង។ល។  ក៏ប៉ុន្តែ រាល់ការបញ្ចេញមតិខាងលើ ត្រូវមិនឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃ ដល់ទំនៀមទំលាប់ល្អ របស់ប្រជាជន និងជាតិ និងមិនត្រូវឲ្យប៉ះពាល់ ដល់សន្តិសុខជាតិឡើយ” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្តថា “ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៏និងលើកទឹកចិត្ត ព្រមទាំងទទួលយកមកពិចារណា។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនិង គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានជាដាច់ខាតចំពោះទង្វើ និងការជេរប្រមាថ ការជេរបញ្ចោរ ដែលផ្ទុយពីសិទ្ធិនិងសេរីភាព បញ្ចេញមតិដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ  ។ ជនដែលជេរប្រមាថ ញុះញង់ឲ្យមានការ រើសអើង បែកបាក់សាមគ្គីជាតិ ត្រូវតែទទួលខុសត្រូវចំពោះ ទង្វើអវិជ្ជមានរបស់ខ្លួន ។ ទោះទៅដល់ទីណា ក៏ត្រូវតែតាមយកមកឲ្យទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន ។ ដូចករណីស្ត្រីឈ្មោះ សំ សុខា ជាដើម ដែលបានប្រមាថថ្នាក់ដឹកនាំ កំពូលរបស់ជាតិ មិនអាចឲ្យរួចខ្លួន ដោយងាយឡើយ។នេះគឺជាការអនុវត្តច្បាប់ និងការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ កុំឲ្យជនអគតិឆ្លៀតប្រើប្រាស់ដោយបន្លំ និងជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនិង នីតិរដ្ឋ នៅកម្ពុជា ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាពសាធារណសង្គមឲ្យរឹងមាំ សម្រាប់ផលប្រយោជន៏របស់ប្រជាជនកម្ពុជាទូទៅ” ។

ឯកឧត្តមបានបន្ថែមថា “ការមានវិធានការណ៍ ផ្លូវច្បាប់ចំពោះបណ្តាជនរំលោភ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ត្រូវបាន ជនអគតិមួយចំនួនវាយប្រហារថាជាការរឹតបន្តឹង និងបិទសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ ។ ការនិយាយនេះ គឺជាការនិយាយបន្លំ បំភាន់មតិសាធារណៈ របស់មហាជនឲ្យយល់ច្រឡំ ហើយវាគ្រាន់តែចូលដៃចូលជើងលើកទឹកចិត្ត ឲ្យជនល្មើសច្បាប់កាន់តែ ប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ”៕

ជារឿងដ៏ចម្លែកមួយ នៅលើលោកនេះ ដែលគេមិនទះដៃសាទរ ចំពោះការនិយាយរបស់ខ្លួន ស្រាប់តែចោទគេថាក្បត់ជាតិ ។ ថ្មីៗនេះ មានមេដឹកនាំប្រទេសធំ ជឿនលឿនម្នាក់ នៅពេលនិយាយ ហើយព្រឹទ្ធសមាជិកខាងបក្សប្រឆាំង មិនទះដៃសាទរចំពោះការ និយាយរបស់ខ្លួន ស្រាប់តែចោទ បណ្តាព្រឹទ្ធសមាជិកទាំងនោះ ថាក្បត់ជាតិ ។

ចុះចំពោះកម្ពុជាវិញ មេបក្សប្រឆាំង បានប្រព្រឹត្តអំពើក្បត់ជាតិជាក់ស្តែង មានឯកសារ ភ័ស្តុតាងច្បាស់លាស់ បង្ហាញដោយសាម៉ីជនផ្ទាល់ ហើយត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ តែបែរជាចោទ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ថា ធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យស្លាប់ ប្ញ រួមតូចទៅវិញ ។ ការចោទដូច្នេះ តើមានយុត្តិធ៌មចំពោះ រាជរដ្ឋាភបាលកម្ពុជា ដែរប្ញទេ ។