ឯកឧត្តម វេង សាខុន និងឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញចុះទៅពិនិត្យកសិដ្ឋានដំណាំខ្ពង់រាបចំការលើ និងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្សនៅស្រុកចំការ ខេត្តកំពង់ចាម


នៅរសៀលថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចុះទៅពិនិត្យកសិដ្ឋានដំណាំខ្ពង់រាបចំការលើ និងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្សនៅស្រុកចំការ ខេត្តកំពង់ចាម។ កសិដ្ឋាននេះបានទទួលជំនួយឧបត្ថម្ភថវិកាពីសាធារណៈរដ្ឋប្រជាជនចិនតាមរយៈគម្រោងស្តីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្មកម្ពុជា-ចិន។ ដោយឡែកមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្សបានទទួលការគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងអង្គការ AFD, USAID, Feed the Future, វិទ្យាស្ថាន CIRAD។
ក្រោយពីពិនិត្យឃើញស្ថានភាពជារួម និងសកម្មភាពការងារនៅនឹងកន្លែងផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីឲ្យយកចិត្តទុកដាក់លើការងារបចេ្ចកទេស ការងារផ្សព្វផ្សាយបចេ្ចកវិទ្យា និងពូជដំណាំដល់ប្រជាកសិករ។ ជំរុញ និងបង្កើនស្មារតីទទួលខុសត្រូវលើការសាងសង់អគារឃ្លាំងស្តុក គ្រាប់ពូជឲ្យមានគុណភាព ស្តង់ដារត្រឹមត្រូវ និងឲ្យបានរួចរាល់បានទាន់ពេលវេលា។ មន្រ្តីជំនាញត្រូវខិតខំសិក្សាស្រាវជ្រាវលើការអនុវត្តបចេ្ចកវិទ្យាថ្មី ពូជដំណាំថ្មីដែលសមស្របទៅតាមក្សេត្របរិស្ថាន គុណភាពដីនៅតំបន់នេះ និងជាពិសេសសមស្របតាមតម្រូវការទីផ្សារ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។ កែប្រែកសិដ្ឋាននិងមជ្ឈមណ្ឌលនេះឲ្យក្លាយជាគំរូដល់កសិករក្នុងការងារផ្សព្វផ្សាយពូជនិងបច្ចេកទេសកសិកម្មនាពេលអនាគត។