សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី


នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងកិច្ចការនារីដោយមានការចូលរួមពីពីបណ្តាថ្នាក់ដឹកនាំដែលជាស្ត្រីទូទាំងប្រទេសនិងបណ្តាដៃគូភាគីពាក់ព័ន្ធនានាដើម្បីតាមដាននិងត្រួតពិនិត្យរាល់សកម្មភាពការងារនិងការអនុវត្តនូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និងមាន សម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីតែងតែបើកកិច្ចប្រជុំជាទៀតទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនេះដើម្បីធ្វើយ៉ាងណាជំរុញការងារស្ត្រីអោយកាន់តែវិវឌ្ឍន៍ទៅមុខទៀត។ តាមរយៈភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ក៏បានរួមចំនែកជួយបង្កើនការងារដល់ស្ត្រីផងដែរ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថាប័ននីមួយៗ ក៏ឃើញមានស្ត្រីបំរើការងារច្រើនណាស់ដែរ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមហើយគោលនយោបាយនេះក៏បានជួយដល់ជីវភាពបងប្អូនស្រ្តីផងដែរ ជាពិសេសគោលនយោបាយគាំពារសង្គមបានអនុវត្តន៍មុនគេចំពោះស្ត្រីដែលមានផ្ទៃពោះ ជាពិសេសកម្មការនី ដែលបំរើការងារតាមបណ្តារោងចក្រនានា។ គោលនយោបាយនេះ ពិតជាមានសារសំខាន់សំរាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្ល ដូចជាបានទទួលការពិ និត្យ ថែទាំសុខភាពតាមមន្ទីរពេទ្យរដ្ឋ ទទួលបានសាច់ប្រាក់ពេលឆ្លងទន្លេ ការទទួលបានឈប់សំរាកចំនួន៣ខែ ក្នុងអំឡុងពេលឆ្លងទន្លេ ដោយទទួលបាន ប្រាក់ខែ ១២០% រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ គិតចាប់ពីខែមករា មកមានស្ត្រី ដែលកម្មការនីឆ្លងទន្លេប្រមាណជាង ៥៦០០ នាក់ ហើយទទួលបានប្រាក់ពីគោលនយោបាយនេះ ផងដែរ។

បច្ចុប្បន្នចំនួនសិស្សស្រីក៏មានចំនួនកើនឡើងផងដែរក្នុងវិស័យអប់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាល បង្កើតសាលារៀនអោយនៅជិតផ្ទះប្រជាពលរដ្ឋផងដែរ ជាពិសេសបាន កំណត់ថាឃុំមួយអោយមានវិទ្យាល័យមួយដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្សស្រីនៅតាមជនបទតែម្តង ហើយ ក្រៅពីការផ្តល់ជូននូវការសាងសង់លាសារៀននោះយើងក៏មានការសាងសង់នូវអគារស្នាក់នៅរបស់គ្រូនិងសិស្សផងដែរ ដើម្បីអោយមានភាពងាយស្រួលដល់សិស្ស និងគ្រូ ដែលជានារីទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បន្តអនុវត្តន៍ការងារចំនួន១១ចំនុច ដែលបានដាក់ចេញកាលពីឆ្នាំទៅ ក្នុងការអនុវត្តន៍ការងារក្នុងឆ្នាំថ្មីបន្ត ទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយបុរសទាំងអស់ ក៏ត្រូវចូលរួមចំណែកជួយដល់ កិច្ច ការស្រី្តខ្លះផងដែរ ជាពិសេសសម្តេចចង់អោយយកទិវា ៨មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែល ត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រុញអោយស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។ សម្តេចតេជោ ក៏បានជម្រុញអោយសិស្សស្រី ចូលរួមក្នុងវិស័យ អប់រំបន្តែមទៀត ជាពិសេសក្រសួងអប់រំ ត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផល ពីការឈប់រៀនរបស់សិស្សស្រី ។ ស្នើសុំអោយក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យ ក្នុងករណីរំលោភ ពីព្រោះពេលខ្លះ ការធ្វើកោសល្យ វិច្ច័យ យឺតពេក ធ្វើអោយបាត់ពាក្យបណ្តឹសំរាប់ស្ត្រីរងគ្រោះ ។ ទឬន្ទឹមនឹងនេះ សម្តេចតេជោ បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សំរាប់ជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗ ។ ទាក់ទង ទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេច អោយមានការបង្កើតជាមជ្ឃមណ្ឌល ប្ញកន្លែងសំរាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនេះ នៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។
ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម បន្តែមទៀត ៕