ប្រជាពលរដ្ឋភូមិត្រពាំងបីអបអរសាទរ និងគម្រោងដាក់លូរំដោះទឹកជំនន់កុំឱ្យលិចផ្លូវរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត


កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ថា ការដ្ឋានសាងសង់លូបណ្តោយផ្លូវក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង៣៦០ម៉ែត្រ ដើម្បីរំដោះទឹកលិចផ្លូវ និងផ្ទះដែលជាថវិការបស់ក្រសួងអនុវត្តគម្រោងដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវបានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋធ្វើឱ្យការអនុវត្តទៅដោយរលូន។

លោក កែវ ពៅ បានបញ្ជាក់ឱ្យដឹងទៀតថា ផ្លូវ និងផ្ទះប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកភ្លៀងមូលហេតុដោយសារកន្លងមកផ្លូវនេះគ្មានលូ និងការចាក់ដីលើចំណីផ្លូវ នាំឱ្យមានការស្ទះទឹកគ្មានកន្លែងហូរបណ្តាលឱ្យជន់លិចផ្លូវ និងផ្ទះរបស់ពួកគាត់ស្ទើតែខូចខាតទាំងស្រុង។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវសូមមានការយោគយល់ ផលប៉ះពាល់មួយចំនួននៅពេលជីកដីដាក់លូបង្ហូររំដោះទឹកចេញពីលើផ្លូវជាតិ។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោក ឈួរ ច័នឌឿន និងលោក កែវ ពៅ ដែលបានគិតគូរ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេចតេជោ និងបណ្ដាថ្នាក់ដឹកនាំមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕