ឯកឧត្តម សុខ ឥសាន បានអះអាងថា ការស្រែកពីក្រៅប្រទេស របស់លោក សម រង្ស៊ី ដើម្បីព្រមានប្តឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅតុលាការបរទេស គ្រាន់តែជាសំឡេងប៉ុណ្ណោះ


ភ្នំពេញ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានអះអាងថា ការស្រែកពីក្រៅប្រទេស របស់លោក សម រង្ស៊ី ដើម្បីព្រមានប្តឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅតុលាការបរទេស គ្រាន់តែជាសំឡេងប៉ុណ្ណោះ  និងមានល្បិចកលទុច្ចរិតមួយ ព្រោះតុលាការបរទេសគ្មាន ដែនសមត្ថកិច្ចលើអធិបតេយ្យកម្ពុជា នោះទេ។

ការលើកឡើងនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បាន អះអាងថា មេធាវីលោកនៅសហរដ្ឋអាមេរិក បានដាក់សំណើទៅតុលាការអាមេរិក ដើម្បីតម្រូវឲ្យក្រុមហ៊ុន អាមេរិកាំង Facebook ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ ថា សម្តេច ហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្ត សាធារណមតិ ដោយបំប៉ោងប្រជាប្រិយភាពក្លែងក្លាយ។

ទាក់ទិននឹងករណីនេះឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៣ កុម្ភៈថា ទង្វើរបស់លោកសម រង្ស៊ី កាន់តែបង្ហាញនូវអាកប្បកិរិយា និងឧបាយកលទុច្ចរិត មួលបង្កាច់សភាពការណ៍ ពិតមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាគ្មានលុយកាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅទិញមហាជនបរទេស ដើម្បីឲ្យឡាច (like) ចូលហ្វេសប៊ុកសម្តេចតេជោ ដើម្បីប្រជាប្រិយភាព នោះទេ ។ បើមានលុយច្រើន ប្រាកដជាយកទៅកសាងសមិទ្ធផល សម្រាប់ប្រទេសជាតិ និងប្រជាជនជាការល្អប្រសើរជាង។ ដូច្នេះការចោទរបស់ទណ្ឌិត សម រង្សី គ្រាន់ជាការលាបពណ៌ ដែលតែងតែធ្វើតាំងពីដើមមក ។ ការប្តឹងទៅតុលាការបរទេស គ្រាន់តែឲ្យមានសំឡេងតែប៉ុណ្ណោះ។ តុលាការបរទេស គ្មានសមត្ថកិច្ចគ្របដណ្តប់ លើឯករាជ្យនិងអធិបតេយ្យភាពកម្ពុជាទេ” ។

ឯកឧត្តមបន្តថា សកម្មភាពរបស់លោក សម រង្ស៊ី ឃុបឃិតជាមួយជនជាតិ អូស្ត្រាលីមួយចំនួនតូច ចង់ឲ្យរដ្ឋាភិបាលអូស្ត្រាលី ដកការអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នាខែមិនាខាងមុខនេះ ។ ការទាមទារសំណើរនេះ នឹងគ្មានប្រសិទ្ធភាព​ ទាល់តែសោះ ។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គម កាលពីពេលថ្មីៗថា  “មេធាវីខ្ញុំនៅអាមេរិក បានដាក់សំណើទៅតុលាការអាមេរិក ដើម្បីតម្រូវឲ្យក្រុមហ៊ុនអាមេរិកាំង Facebook ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ថា សម្តេច ហ៊ុន សែន ប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្តសាធារណមតិ ដោយបំប៉ោងប្រជាប្រិយភាព ក្លែងក្លាយរបស់គាត់ ហើយគាត់ក៏បានប្រើប្រាស់បណ្តាញ Facebook នេះ ដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ និយាយសង្ខេបទៅ សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធ Facebook ដើម្បីភូតកុហកអ្នកដទៃ និងពង្រឹងអំណាចផ្តាច់ការរបស់គាត់ នៅប្រទេសកម្ពុជា ដែលជាទង្វើផ្ទុយពីក្រមសីលធម៌ របស់ក្រុមហ៊ុន Facebook” ។

សូមបញ្ជាក់ថា ផេកហ្វេសប៊ុក (Pag Facebook )របស់សម្តេចតេជោ ហ៊ុន សែន គិតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចំនួនអ្នកចុចឡាចមានជិត១០លាននាក់ហើយ ខណៈផេកហ្វេសប៊ុករបស់លោក សម រង្ស៊ីមានអ្នកចុចឡាចត្រឹមតែជាង៤លាន៥សែននាក់ប៉ុណ្ណោះ។ ពាក់ព័ន្ធការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើ រាជរដ្ឋាភិបាលកម្ពុជានេះ ក្រោយពីតុលាការបានបង្គាប់ឲ្យលោក សម រង្ស៊ីបង់ប្រាក់ជំងឺចិត្តទៅរាជរដ្ឋាភិបាលផងដែរ នាពេលកន្លងមក ក្រោយពីលោកចោទសម្តេចថា បានទិញចំនួនឡាចពីបរទេស ហើយត្រូវបានមន្រ្តីជាន់ខ្ពស់ គ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុក សម្តេចប្តឹងទៅតុលាការ ៕