អង់គ្លេស សន្យាបន្តចាប់ដៃគូពាណិជ្ជកម្មជាមួយកម្ពុជា និងបញ្ជាទិញអង្ករ ស្ករត្នោតនិងម្រេចចូលទីផ្សារអង់គ្លេស


លោក អេតវើត វៃសឺ(Edward Vaizey) បេសកជននាយករដ្ឋមន្រ្ដីនៃចក្រភពអង់គ្លេសទទួល បន្ទុកពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងចក្រភពអង់គ្លេស ជាមួយប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួងនាព្រឹកថ្ងៃ ១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នេះបានបញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែបន្តរក្សានិរន្តរភាព ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងបន្តពង្រឹងផ្នែកពាណិជ្ជកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម និងបង្កើនធុរៈកិច្ចអង់គ្លេសនៅកម្ពុជា ក្នុងនោះដែរ លោកបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស ក្រៅពីធ្វើជាដៃគូនាំអង្ករល្អពីកម្ពុជា ក៏បានសម្ដែងការគាំទ្រគុណភាព ស្ករត្នោតកម្ពុជា ព្រមទាំងបានជំរុញការនាំចូលស្ករត្នោតនិងម្រេចកម្ពុជាចូលទៅកាន់ទីផ្សារអង់គ្លេសព្រមទាំងបានសន្យាឱ្យមានកិច្ចសហការរវាងវិទ្យាស្ថានការទូតកម្ពុជាជាមួយអង់គ្លេសនៅពេលអនាគតផងដែរ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងចក្រភពអង់គ្លេស ព្រមទាំងបានរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងរបស់បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសអាណតិ្តមុន បានជួយកម្ពុជាផ្នែកពាណិជ្ជកម្ម និងអប់រំ ពិសេសការកើនឡើងពាណិជ្ជកម្មជាង ៨០០លានដុល្លារក្នុងឆ្នាំ២០១៥ និងកើនឡើងប្រមាណ ១០០០លានដុល្លារនៅឆ្នាំ២០១៧ ហើយកម្ពុជាចង់ឱ្យមានការកើនឡើងអ្នកធុរៈកិច្ចនិងទេសចរណ៍អង់គ្លេសនៅកម្ពុជាកាន់តែច្រើនទៀត។

សូមបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេសមានសម្លៀកបំពាក់ជាង៨០% និងផលិតផលកសិកម្មនានាពីកម្ពុជា។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរពុំបានពិភាក្សាអំពីសភាពការណ៍នយោបាយនៅកម្ពុជាទេ ព្រោះអង់គ្លេសប្រកាន់គោលជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ប៉ុន្តែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងធុរៈកិច្ចជាមួយកម្ពុជា៕