ស្ថានីយបូមទឹកបណ្តែត សហគមន៍កសិករបានដាក់ឱ្យដំណើរការឡើងវិញ


ស្ថានីយបូមទឹកបណ្តែត សហគមន៍កសិករ ដែលមានសមត្ថភាពបូមទឹករហូតដល់ ២.០០០-២.៥០០ ម៉ែត្រគូប ក្នុង ១ ម៉ោង ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ សម្រាប់បម្រើឱ្យការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ នៅតាមបណ្តោយដងស្ទឺងមង្គលបូរី ។

បន្ទាប់ពីបានធ្វើការថែទាំ និងតម្លើងរួច ស្ថានីយបូមទឹកបណ្តែត សហគមន៍កសិករ ភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញហើយ នារសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ។ ពិធីដាក់ឱ្យដំណើរការឡើងវិញនេះ មានចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ សេង​ វណ្ណសាយ, អាជ្ញាធរខេត្ត ស្រុក និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៧០ នាក់ ។

បើទោះបីជាត្រូវបានប្រើប្រាស់អស់រយៈកាលជាង ២០ ឆ្នាំ មកហើយក្តី ប៉ុន្តែ តាមរយៈការត្រួតពិនិត្យ ជួសជុល និងថែទាំជាប្រចាំ ស្ថានីយបូមទឹកបណ្តែតខ្នាតធំខាងលើនេះ នៅតែរក្សាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ។