មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបន្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងច្បាប់ចរាចរណ៍


មួកសុវត្ថិភាព ចំនួន៦០ រួមទាំងសៀវភៅស្តីពីចរាចរណ៍ផ្លូវគោក, សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង ,លិខិតប័ណ្ណ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ , សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ , ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ និង ស្ទីកឃ័រចំណាំងផ្លាត ត្រូវបានយកទៅធ្វើការចែកជូនបងប្អូនអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព កាលព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨​ ក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាព ក្រោមវត្តមានលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង ជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅ៣ទីតាំង នៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប គឺនៅរង្វង់មូលវត្តដំណាក់ ផ្លូវលោកតាណើយ និង ទីរួមស្រុកពួក ដើម្បីរឹតបណ្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសហការជាមួយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តផងដែរ ។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឲ្យគាត់មួយ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព គឺមួកមួយជីវិតមួយ ។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញយើងក៏បានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធច្បាប់ចរាចរណ៍ និង ធ្វើការឆ្លើយនូវសំណួរ ស្តីអំពីសុវត្ថិភាពចរាចរណ៍ និង សីលធម៌ក្នុងការបើកបរ ក្នុងនោះប្រសិនបើពួកគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និង សៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួនផងដែរ ។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ក៏បានធ្វើការណែនាំ និងផាកពិន័យ ចំពោះយានយន្ត មួយចំនួន ដែលមិនបានគោរពស្លាកសញ្ញាចរាចរណ៍ ម៉ូតូដែលមិនបំពាក់កញ្ចក់ បើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការកែច្នៃភ្លើង និង ដាក់ស៊ីប្លេឡានផងដែរ ។

ជាមួយគ្នានេះដែរលោក គឹម ប៉ុណ្ណា ក៏បានមានប្រសាសន៍ ធ្វើការអប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានមិន បានពាក់មួកសុវត្ថិភាព អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឲ្យមានហានិភ័យ បណ្តាមកការពីមិនពាក់មួកសុវត្ថិភាព ឬ សួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង។ លោកបានគូសបញ្ជាក់ថា ក្រោមបទបញ្ជារបស់រាជរដ្ឋាភិបាល ការណែនាំរបស់ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និង ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត មន្ទីរបានបើកយុទ្ធនាការនេះចែកជាបី ក្រុម ក្នុងការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនពាក់មួកសុវត្ថិភាព , មិនគោរពច្បាប់ចរាចរណ៍ និង បើកបរក្នុងស្ថានភាពស្រវឹង ។ លោកក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរពឲ្យខាងតែបាន នូវច្បាប់ចរាចរណ៍ ត្រូវប្រកាន់ ភ្ជាប់នូវសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ។ ដូច្នេះយើងគ្រប់រូបពេលបញ្ជាយានយន្ត ត្រូវពាក់ខ្សែ ក្រវ៉ាត់ និង បើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នករួមដំណើរផងដែរ ។ យុទ្ធនាការនេះ ជាការរឹតបន្តឹងកាពាក់មួក សុវត្ថិភាព ជាការដាក់ទឿនដល់អ្នកបើកបរគ្រប់រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីបងប្អូកាត់សែស្រឡាយចិន វៀតណាម ហើយមកដល់ពេលនេះការចែកមួកសុវត្ថិភាពនេះ នៅទូទាំងខេត្ត បានប្រមាណជាង៤០០មួកមកហើយ ក្នុងការបើកយុទ្ធនាការនេះ ។

លោកវរៈសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្ត បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និង ម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតរបស់ខ្លួន ជាសំខាន់អ្នកដែលជាទីស្រឡាញ់ និង ជាបង្គោលក្នុងគ្រួសារ និង ថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និង អភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនប្រកបដោយចិរភាព តាមការបញ្ជាក់របស់លោកប្រធានការិយាល័យចរាចរណ៍ជើងគោក ក៏បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ តែចំនួនអ្នកស្លាប់មានការកើនឡើង ដោយកត្តាមនុស្ស កត្តាយានយន្ត សំខាន់មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង គ្រឿងញៀន ព្រមទាំងភាពងងុយដេក និង គ្មានការអធ្យាស្រ័យឲ្យគ្នាក្នុងពេលបើកបរ និង បើកបរលើសល្បឿនកំណត់ ។

តាមការសម្គាល់ឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេដូចជា ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឲ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ ហើយក៏មិនគោរពច្បាប់ បែទៅជាខ្លាចប៉ូលីសចរាចរណ៍ នៅពេលចុះអនុវត្តច្បាប់ទៅវិញ ដែល ទាំងនេះជាទង្វើរដ៏អាក្រក់របស់អ្នកបើកបរមួយចំនួន សំខាន់ស្រទាប់យុវវ័យ និង សិស្សសាលាជាដើម ៕